សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន «កុលធីតាមនុស្សធម៌»!

0
466

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោក ផងដែរ ធ្វើការវាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លាក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការ រើសអើងពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ត្រូវបានប្រសិទ្ធនាមថា ជាឆ្មបសម្រាលទុក្ខលំបាកក្នុងសង្គម ដូចជា មេដឹកនាំល្បាញល្បីលើពិភពលោក «លោក សូក្រាត» ហើយថែមទាំងជាឆ្មបសម្រាលទារកដូចម្តាយរបស់ «លោក សូក្រាត» ផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូតចេញពីត្រកូលកសិករក្នុងភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤។ មានលោកឪពុកឈ្មោះ លីន គ្រី (ទទួលមរណភាព) និងអ្នកម្តាយឈ្មោះ ប៊ុន ស៊ាងលី មានបងប្អូន៦នាក់​ ស្រី២នាក់។ មកដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមាតាមនុស្សធម៌នៃកម្ពុជា មានវ័យវឌ្ឍនាការឈានចូល៦៥ឆ្នាំហើយ។ នៅក្នុងថ្ងៃខួបកំណើតនេះ ព្រះមហាក្សត្រ មហាក្សត្រី មន្រ្តីរាជការខ្មែរគ្រប់ជាន់ថ្នាក់ រួមទាំងប្រជាពលរដ្ឋខ្មែរ បានសម្តែងនូវការជូនពរ ​ដែលបង្ហាញពីទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់គោរពយ៉ាងជ្រាលជ្រៅជាទីបំផុត។

ក្នុងវ័យវឌ្ឍនាការកុលធីតាខ្មែរលើទឹកដីជនបទតាមដងទន្លេមេគង្គចំគ្រាដែលមាតុភូមិកម្ពុជាជួបនូវវិបត្តិនូវភ្លើងសង្គ្រាមនោះ ត្រូវបានញ៉ាំញីដោយទុក្ខលំបាក និងមិនមានឱកាសអង្គុយក្រេបជញ្ជក់យកចំណេះដឹងឲ្យបានខ្ពង់ខ្ពស់ដូចយុវវ័យក្នុងសម័យស្រុកសន្តិភាពនាពេលបច្ចុប្បន្ននោះដែរ។ យុវនារី ប៊ុន រ៉ានី បានបញ្ចប់ការសិក្សាត្រឹមធម្យមសិក្សាប៉ុណ្ណោះ។

ក្នុងវ័យវឌ្ឍនាការ ដែលប្រទេសធ្លាក់ក្នុងភាពកលិយុគនេះ យុវនារី ប៊ុន រ៉ានី បានចូលប្រឡូកចលនាតស៊ូក្នុងអាយុ១៦ឆ្នាំ។ ពោលចលនាតស៊ូនេះ បានចាប់ផ្តើមនៅក្រោយពេល ដែលព្រះប្រមុខរដ្ឋដ៏ល្បាញល្បីក្នុងសម័យសង្គមរាស្រ្តនិយម ព្រះបរម រតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបានក្រុមលោកសេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់ពី តំណែងនៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០។

ចលនាតស៊ូ ដែលធ្វើឡើងតាមព្រះរាជបន្ទូលអំពាវនាវរបស់ព្រះមហាវីរក្សត្រខ្មែរ បានធ្វើឲ្យជីវិតយុវនារី ប៊ុន រ៉ានី លះបង់អស់សេចក្តីសុខ និងសេចក្តីត្រូវការក្នុងយុវភាព ហើយត្រូវបានផ្លាស់ទីក្នុងព្រៃស្ទើរគ្រប់ទីកន្លែងជាមួយកម្លាំងចលនាតស៊ូ ដោយរំពឹងអាចដណ្តើម និងរំដោះប្រទេសកម្ពុជាថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ។ តែផ្ទុយទៅវិញចលនាតស៊ូដណ្តើមប្រទេសពីលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ សិរីមតៈ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ មិនបានបំពេញសេចក្តីបំណង និងការរំពឹងអ្នកតស៊ូនោះឡើយ។

ការប្រឹងប្រែងពលីកម្លាំងកាយចិត្តក្នុងចលនាតស៊ូរំដោះប្រទេសជាតិ របស់កុលធីតាខ្មែរ ប៊ុន រ៉ានី ជាមួយអ្នកស្រឡាញ់ និងស្នេហាជាតិខ្មែរ រាប់ពាន់ រាប់ម៉ឺននាក់ទៀត ត្រូវធ្លាក់ក្នុងក្តីអស់សង្ឃឹម ដ្បិតសមិទ្ធផល នៃការតស៊ូ ត្រូវបានក្តោបក្តាប់ដោយបុគ្គលមួយក្រុម ដូចជា ប៉ុល ពត នួន ជាង ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ…ទៅវិញ។

របបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឲ្យយុវនារី ប៊ុន រ៉ានី និង ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ត្រូវរស់រងគ្រោះជាថ្មីក្នុងស្បៃអន្ធិកាដ៏ខ្មៅងងឹត និងមហាសែនលំបាក។ ទោះជាយ៉ាងណាជីវិតរបស់កុមារី ប៊ុន រ៉ានី ក្នុងរបបពលពតនេះ ប្រៀបបាននឹងការជួប «ពន្លឺ ក្នុងគ្រាអន្ធិកា»។ «ពន្លឺ ក្នុងគ្រាអន្ធិកា» ត្បិតថាជីវិតរបស់យុវនារី ប៊ុន រ៉ានី ជួបការលំបាក តែរបបនេះ ក៏ជាវេលាបាននាំឲ្យយុវនារីរូបនេះ បានជួបជាមួយ បុរសកំពូលដួងចិត្ត គឺយុវជន ហ៊ុន សែន។

តែជីវិតអាពាហ៍ពិពាហ៍ជាក្រុម (១៣គូ) របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី៥ ខែ មករា ឆ្នាំ១៩៧៦ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបន្សល់នូវភាពដ៏ល្វីងជូរចត់មិនអាចគណនា។ ទម្ងន់នៃការឈឺចាប់ និងវេទនារកទីបំផុតគ្មាន គឺការត្រូវព្រាត់ប្រាស់ស្វាមីដែលចេញទៅតស៊ូរំដោះជាតិក្នុងឆ្នាំ១៩៧៧ ទាំងខ្លួនកូនក្នុងផ្ទៃ។ ដើម្បីសុវត្ថិភាពជីវិត និងកូនពីរបបដ៏យង់ឃ្នងត្រូវទ្រាំរស់លាក់ឈ្មោះលាក់ប្រវត្តិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជីវិតស្នេហារបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាឧត្តមភរិយា បានហែលឆ្លងកាត់ភាពលំបាកវេទនា និងដំណក់ទឹកភ្នែករាប់លានដំណក់ ហើយក៏មិនដែលនឹកស្មានថា មានជីវិតមកដល់បច្ចុប្បន្ននេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here