សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន នៅប្រទេសថៃ

0
420

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤០ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩។

អន្តរសភាអាស៊ានដែលហៅកាត់ថា (AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) មានសមាជិក១០ប្រទេស គឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យបានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

មហាសន្និបាតអាយប៉ា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង ដើម្បីរៀបចំ។ សភាប្រទេសថៃ រៀបចំមហាសន្និបាតអាយប៉ានៅឆ្នាំនេះ គឺក្រោមប្រធានបទ “ជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព”។

នៅកំឡុងពេលមហាសន្និបាតនេះ នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញ ជាច្រើនរបស់ AIPA ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការសមាជិកសភាស្រ្តី(WAIPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចប្រជុំរវាង AIPA ជាមួយបណ្តាប្រទេសសង្កេតការណ៍ ជាដើម។

វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភានៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់និងពិភពលោក និងជាការកសាងកិត្យានុភាពដល់សភានិងប្រទេសជាតិ នៅលើឆាកអន្តរជាតិ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here