រដ្ឋចំនួន០៦របស់ប្រទេសប្រេស៊ីលអំពាវនាវអោយបន្ថែមកងកម្លំាងយោធា ដើម្បីប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ

0
462

ប្រេស៊ីល៖ បណ្តារដ្ឋចំនួន០៦របស់ប្រទេសប្រេស៊ីល បានស្នើយ៉ាងទទូចអោយបន្ថែមកងកម្លំាងយោធា ដើម្បីចេញអន្តរាគមន៍ជួយប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃដ៏កំណាច ដែលបាននឹងកំពុងឆាបឆេះបំផ្លិចបំផ្លាញតំបន់ព្រៃ អាម៉ាហ្សូន នេះបើតាមសារព័ត៌មាន Euronews នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។

ឆ្លើយតបនឹងសំណើខាងលើនេះ ប្រធានាធិបតីប្រេស៊ីលលោក ច៊ែ បូលសូណារ៉ូ បានអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងយោធាបន្ថែម ដើម្បីចេញយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះផងដែរ ។ បើតាមប្រភពពីការិយាល័យប្រធានាធិបតីប្រេស៊ីល រដ្ឋាភិបាលបានប្រើប្រាស់យន្តហោះយោធាជាច្រើនគ្រឿងដឹកទឹកទៅពន្លត់ភ្លើងដែលកំពុងឆេះព្រៃ អាម៉ាហ្សូន ក្នុងរដ្ឋ រ៉ុនដូនៀ ។ ជាមួយគ្នានេះ លោកប្រធានាធិបតីប្រេស៊ីលក៏បានបញ្ជាឲ្យមានប្រតិបត្តិការយោធាក្នុងរដ្ឋចំនួន៧ដើម្បី ប្រយុទ្ធប្រឆាំងនឹងភ្លើង ដែលកំពុងឆេះព្រៃត្រូពិកធំជាងគេបំផុតក្នុងពិភពលោក នេះផងដែរ ។

វីដេអូមួយខ្សែដែលបង្ហោះក្នុងគណនីធ្វីតធើរបស់ក្រសួងការពារជាតិប្រេស៊ីលបានបង្ហាញពីយន្ដហោះយោធាធនយក្សពីរគ្រឿង បានទម្លាក់ទឹករាប់ពាន់លីត្រលើតំបន់ដែលមានភ្លើងឆេះព្រៃ ខណៈហោះកាត់ផ្សែងយ៉ាងខ្មួលខ្មាញ់ ។ ក្រសួងការពារជាតិប្រេស៊ីលឲ្យដឹងដែរថា មានកងទ័ពជាង៤ម៉ឺន៤ពាន់នាក់ដែលអាចបម្រើការបាននៅភាគខាងជើងប្រទេស ដើម្បីដោះស្រាយនឹងបញ្ហាភ្លើងឆេះព្រៃ ៕

ដក់ស្រង់ពី ក្រសួងបរិស្ថាន កែសម្រួលដោយ NCNDaily 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here