រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមលើកគម្រោងបង្កើតផ្លូវថ្មើរជើងថ្មីដើម្បីបំរើដល់វិស័យទេសចរណ៍

0
378

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើម លើកគម្រោងបង្កើតកញ្ចប់ ទេសចរណ៍ថ្មើរជើងថ្មី មួយកន្លែង ក្នុងរាជ ធានីភ្នំពេញស្របតាមដងទន្លេសាបដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗជុំវិញ គម្រោង បង្កើតផ្លូវថ្មើរជើងដែលចេញពីមុខប្រៃសណីយ៍កម្ពុជាឆ្ពោះទៅតំបន់មុខព្រះបរមរាជវាំងនៅពេលឆាប់ៗនេះ ដែលឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីនៅព្រឹកថ្ងៃទី៥ខែកញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះ នឹងក្លាយជាកញ្ចប់ទេសចរណ៍ ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរ អោយដើរស្រូប យកខ្យល់អាកាស ល្អបរិសុទ្ធនិងទស្សនាទេសភាពទន្លេ៤មុខដ៏ស្រស់ត្រកាលដោយគ្មានប្រទេសណាមានដូច។

ឯកឧត្តមអភិបាលបានណែនាំដល់ក្រុមការងារអោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និង កន្លែងចំណតនយន្តអោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានដំណើរការដោយ រលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។

កន្លងមកនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអោយដឹងថា កញ្ចប់ទេសចរណ៍ ផ្លូវថ្មើរជើងនេះអាចបង្កើត ឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយមិនអនុញ្ញាតិអោយមានយាន្តជំនិះផ្សេងៗឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។

ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលចង់បង្កើតផ្លូវថ្មើរជើងនេះ ដើម្បីបង្អួតភ្ញៀវទេសចរពី ចំណុចពិសេសនៃ រាជធានីភ្នំពេញគឺមានទេសភាពនៃចំណុចប្រសព្វទន្លេ៤ដ៏ស្រស់ស្អាតដែលទីទាក់ទាញដ៏ខ្លាំង។

សូមបញ្ជាក់ថា គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះនឹងធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាល សាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដោយ ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here