(ភ្នំពេញ) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការប្រគល់-ទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមវត្តមានលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីរាជធានី លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោក ពៅ ណារិទ្ធ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សូរិយោដី និងភូមិបាលខណ្ឌសែនសុខ ។
ពលរដ្ឋជិត៦០០គ្រួសារ ដែលរស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមក្នុង ខណ្ឌសែនសុខ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការហើយ ក្រោមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុក ដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនាក់ផងដែរ ។
ដោយទទួលបានផែនការជំរុញការចុះបញ្ជី ជូនប្រជាពលរដ្ឋនៅតាមតំបន់បុរី ពីសំណាក់សាលារាជធានី ភ្នំពេញ មកឱ្យការិយាល័យភូមិបាលខណ្ឌសែនសុខ ក៏ដូចជា សាលាសង្កាត់អូរបែបក្អម និងសាលា ខណ្ឌសែនសុខ សហការជំរុញការងារនេះឱ្យបានសម្រេច ជូនប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន ប័ណ្ណកម្មសិទ្ធិរួចមក លោកប្រធានមន្ទីរដែនដី សារិន វណ្ណា បានណែនាំការងារចុះវាស់វែងជូនប្រជាពលរដ្ឋ ក្នុងភូមិទ្រុងមាន់ខាងលើនេះយ៉ាងសស្រាក់សស្រាំ ក្នុងនោះក្រុមការងារវាស់វែងបានចំនួន ៥៩៨ក្បាលដី។
ក្រោយសម្រេចការងារនេះហើយ មន្ទីរបានដាក់លិខិតស្នើទៅក្រសួងរៀបចំដែនដី ដើម្បីសុំចេញប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋ ទើបនាថ្ងៃទី២០ ខែវិច្ឆិកានេះ មន្ទីរសូរិយោដី សហកាជាមួយសាលា ខណ្ឌសែនសុខ ចុះប្រគល់ប័ណ្ណកម្មសិទ្ធិដែលសម្រេចចេញវិញ្ញាបនបត្រ សម្គាល់កម្មសិទ្ធិអចលនវត្ថុ មានចំនួន ៥៧៣ប័ណ្ណ។ ចំណែកឯកក្បាលដីចំនួន ២៥ក្បាលទៀត គឺបានចេញជូនម្ចាស់សំណ់ តាមរយៈការស្នើសុំបំបែកក្បាលដី។
លោកប្រធានការិយាល័យ ពៅ ណារិទ្ធ បានរំឭកឡើងថា ពីមុនមក ទីតាំងនេះជាអតីតឃ្លាំង K តែនៅក្រោយមក អំឡុងឆ្នាំ២០០៦ មានការស្នើសុំអភិវឌ្ឍជាតំបន់លំនៅដ្ឋាន ដែលមានលក្ខណៈជាបណ្ដុំ ផ្ទះល្វែង ហើយបន្ទាប់ពីសាងសង់រួចរាល់ ម្ចាស់ដែលជាសហកម្មសិទ្ធិ បានលក់បន្តបន្ទាប់ជូន ប្រជាពលរដ្ឋដែលជាអតិថិជន ហើយក៏មានការលក់បន្តច្រើនតំណតគ្នាពីមួយទៅមួយ។
មូលហេតុនេះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងតំបន់នេះមានការលំបាកលើការចំណាយប្រាក់ច្រើនសម្រាប់បង់ពន្ធជូនរដ្ឋ។ ដោយមើលឃើញពីការលំបាកនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការបង់ ពន្ធតែមួយដង មិនគិតថាផ្ទះ ឬដីនោះបានលក់បន្តដៃច្រើនគ្នានោះឡើយ។
រហូតដល់បច្ចុប្បន្ននេះ អាជ្ញាធរបានសម្រេចវាស់វែង និងស្នើសុំចេញប័ណ្ណនៅតាមខ្នងផ្ទះនីមួយៗ ដើម្បីជូនប្រជាពលរដ្ឋអាចមកបំពេញកាតព្វកិច្ចបង់ពន្ធតែមួយលើក និងអាចទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរ សារិន វណ្ណា និងលោកអភិបាលរង សក់ ច័ន្ទកញ្ញារិទ្ធ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបណ្ណកម្មសិទ្ធិនេះថា ប័ណ្ណកម្មសិទ្ធិនេះមានតម្លៃដូចជាមាសជាប្រាក់របស់ប្រជាពលរដ្ឋផងដែរ ដូច្នេះសូមប្រជាពលរដ្ឋថែរក្សាទុកដាក់ប័ណ្ណកម្មសិទ្ធិនេះឱ្យបានស្រួលបួល។
ជាមួយនឹងការថ្លែងអំណរគុណ ប្រជាពលរដ្ឋនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុនេះ៕
ប្រភពFreshnews ដោយ សុខជា