ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួបទី៤០នៃកំណើតរណសិរ្ស២ធ្នូ ដោយរំលឹក និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានកសាងវិស័យបរិស្ថាន

0
310

ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន ទាំងចាស់ទាំងថ្មី និងក្រុមគ្រួសារនៃស្ថាបនិកចលនារណសិរ្ស២ធ្នូ ធ្លាប់បំពេញការងារក្នុងវិស័យបរិស្ថាន បានជួបគ្នាបង្ហាញពីស្នាមញញឹមរំលឹកដល់សមិទ្ឋផលការងារ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍន៍វិស័យបរិស្ថានឱ្យមានការរីកចំរើនជារៀងរហូតមក។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងបរិស្ថាន នាថ្ងៃច័ន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីអបអរសាទរខួបអនុស្សវរីយ៍លើកទី៤០ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ១៩៧៨-២ធ្នូ២០១៨។


ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ស្មារតី២ធ្នូ និងស្មារតី៧ មករា បានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំក្នុងការបង្កើតឡើងនូវសមិទ្ធិផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា បានជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនាធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធិផលធំៗនិងសំខាន់ៗជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងវិស័យបរិស្ថាន ដែលថ្នាក់ដឹកនាំកើតចេញពីស្មារតី២ធ្នូ បានកសាង និងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ បានប្តេជ្ញាបន្តការដឹកនាំក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលទំនើប នៅក្នុងរាជរដ្ឋាភិបាល អាណ្ណត្តទី៦ នៃរដ្ឋសភា ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។


សូមបញ្ជាក់ថា កម្ពុជាគ្រោងប្រារព្ធធិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨ -២ធ្នូ២០១៨ នៅវិមាន២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិកសមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការរណសិរ្សគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយសជាតិអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here