ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបង្ហាញ អំពីល្បិចកលរបស់ជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនីហ្វេសប៊ុក (Facebook) របស់ជនរងគ្រោះ ជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ។
នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានលើកយកបច្ចេកទេស ដែលប្រើប្រាស់ដោយជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនី Facebook ជនរងគ្រោះ មកចែកជូនជាបទពិសោធន៍ដល់សាធារណជន ឲ្យបានដឹង និងមានការប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ និងជាពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មតាមអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារ ក្នុងគោលបំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា។
ប្រភពដដែល បានបញ្ជាក់ថា នាពេលកន្លងមក មានជនអនាមិកក្រៅប្រទេស មួយក្រុម បានផ្តោតគោលដៅវាយប្រហារ មកលើគណនី Facebook របស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។ បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនាមិកបានលួចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារ ដែលបានភ្ជាប់ដោយជនរងគ្រោះនិងបាន Boost ទំព័រផេក Facebook របស់ពួកគេ នៅក្រៅប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។ ទោះបីជាមានការជួយសង្គ្រោះ ទាញយកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវបានបាត់បង់ពីគណនីធនាគាររបស់ជនរងគ្រោះផងដែរ។
ដូច្នេះសូមប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងការពារគណនី Facebook របស់ខ្លួនដោយអនុវត្តវិធីសាស្ត្រមួយចំនួនដូចជាៈ
១. ពិនិត្យមើលនៅត្រង់ចំណុច “Where You’re Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។
២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ “Two-Factor Authentication” អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។
៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញាលើសពី៨ខ្ទង់។
៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។
៥.ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំណុចទី២ និងទី៣)។
៦. ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ ដោយជនអនាមិក។
៧. រក្សាការសម្ងាត់នៃលេខទូរស័ព្ទ និងគណនីអ៊ីមែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នកដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើសយក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។
៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណា មុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩.សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ
(ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយកម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់។
ប្រភព៖ Facebook
កែរសម្រួល និងរូបភាពដោយ៖ NCN Daily