ភ្នំពេញ៖ រាជធានីភ្នំពេញទទួលបាលបច្ចេកវិទ្យាថ្មីដោយប្រើគ្រឿងចក្រទំនើបដោយខួងដីជែក ឃីងនេះបាន ចាប់ផ្ដើម បើកការដ្ឋានអោយ ដំណើរការនាព្រឹកថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩នេះនៅមុខវិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនវត្តភ្នំខណ្ឌដូនពេញ ដែលមានការចូលរួមពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងស្ថានទូត ជប៉ុនប្រចាំនៅកម្ពុជា និងតំណាង អង្គការចៃកា។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា គម្រោងខួងដីជែក ឃីង ដាក់លូ ស្វ័យប្រវត្តិដោយមិនបាច់ ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋាននេះ ទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញ ។ចំពោះការខួងដីជែក ឃីង ដាក់លូ ជាស្វ័យប្រវត្តិនេះ យើងគ្រោងនឹងខួងក្រោមដី ចម្ងាយប្រវែង១៥៦០ម៉ែត្រ ក្នុងជម្រៅក្រោមដី ៨ម៉ែត្រដោយខួងចាប់ចេញពីមុខ ស៊ីឌីស៊ីរហូតដល់ ផ្លូវលេខ៧០ (ទំនប់ទួលគោក)កាត់ ក្រោមរង្វង់មូល គួចកាណុង ។ គម្រោងនេះក្នុងដំណាក់កាលទី១ មាន ប្រវែង៥០០ម៉ែត្រ ដោយប្រើប្រាស់រយៈពេល៥ខែ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងទៀតថាការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះវាមិនរំខាន ទៅដល់ការកក ស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រ ហើយនេះក៏ជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ផងដែរ ។
លោកបញ្ជាក់ផងដែរថា ម្ចាស់គម្រោងនេះ រដ្ឋបាលរាជធានីភ្នំពេញ អ្នកអនុវត្តគម្រោង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនស៊ីធីអាយវិស្វកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ៅ ការសាងសង់ ក្រុមហ៊ុនសំណង់ ភូអាខបភើរេសិន។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល ជប៉ុនតាម រយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១–ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២–ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣–សាងសង់អាង ស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
៤–តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះ គន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥–ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕
ដកស្រង់ពី រីផតធើរ កែសម្រួលដោយ NCNDaily