សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា

0
352

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ធីត លីន អន (Thit Linn Ohn )ជាឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជាយ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថាសម្រាប់វត្តមានឯកឧត្តមនៅក្នុងអាណត្តិនេះ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា។

ឯកឧត្តម ធីត លីន អន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសំដែងការគួរសមនាពេលនេះ ហើយឯកឧត្តមបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្ដមបានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែសីហា ២០១៩ ។ ឯកឧត្តមពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ហើយឯកឧត្តមសន្យាថា នឹងខិតខំប្រឹងប្រែងបំពេញការងារជាពិសេសលើទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា យើងគួរពិនិត្យមើល តើយើងគួរធ្វើសកម្មភាពអ្វីខ្លះ? ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃទំនាក់ទំនងនេះ។ ជាមួយគ្នានោះយើងគប្បីពិនិត្យមើលទៅលើកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។ សម្ដេចតេជោ ក៏បានបន្តទៀតថាទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។

ដូច្នេះសម្ដេចតេជោ សូមឲ្យមានការជំរុញបន្ថែមទៀតក្នុងការបង្កើននៅកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀត។ សម្ដេចតេជោក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសយើងទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ។ ហើយយើងគួរតែពិនិត្យមើលទៅលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដូចជាកិច្ចព្រមព្រៀងទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពស្អិតរមួតថែមឡើងទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបន្តថា កន្លងមកកម្ពុជាក៏បានបញ្ជូនសមណសិស្សទៅបន្តការសិក្សានៅឯប្រទេសមីយ៉ាម៉ាផងដែរ។ ហើយនៅក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ អង់ សានស៊ូជី កាលពីពេលកន្លងទៅនេះ កម្ពុជាក៏បានផ្ដល់នូវអាហារូបករណ៍ចំនួន១០ដល់និស្សិតមីយ៉ាម៉ា ផងដែរ ដូច្នេះ សម្ដេចតេជោបានជំរុញឲ្យមានការផ្លាស់ប្ដូរនៅប្ដូរនិស្សិតក្នុងការសិក្សាទៅវិញទៅមក ដើម្បីទទួលបាននូវចំណេះដឹងពីគ្នា ក៏ដូចជាចែករំលែកនូវបទពិសោធន៍ពីគ្នាផងដែរ។

នៅក្នុងកិច្ចពិភាក្សានោះផង ដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហាជនភៀសខ្លួននៅតំបន់រដ្ឋការខាញ របស់មីយ៉ាម៉ា ដែលកន្លងមកកម្ពុជាក៏ធ្លាប់មានបទពិសោធន៍ក្នុងការរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនខ្មែរយើងដែលបានរស់នៅលើទឹកដីថៃប្រមាណជាង៣០ម៉ឺននាក់ ឲ្យត្រឡប់មកមាតុប្រទេសវិញ នៅពេលដែលប្រទេសយើងមានដំណោះស្រាយនយោបាយ នឹងទទួលបាននូវសុខសន្តិភាព។ ហើយបទពិសោធន៍នេះត្រូវប្រើប្រាស់ពេលវេលា និងការរៀបចំត្រឹមត្រូវដោយមានការរៀបចំជាផ្ទះសម្បែង ដីធ្លីសម្រាប់ឲ្យពួកគាត់វិលមក ហើយមានទំនុកចិត្ត ដោយគ្មានការភ័យខ្លាចបញ្ហាទាំងអស់ ហើយរដ្ឋាភិបាលកម្ពុជាតែងតែគាំទ្រដំណើរការរៀបចំការវិលត្រឡប់នៃជនភៀសខ្លួនមីយ៉ាម៉ា ផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ក៏បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់នូវអនុសាសន៍ និងការឆ្លើយតបដ៏កក់ក្តី ដូចជាការចែករំលែកបទពិសោធន៍។ ហើយឯកឧត្តម នឹងជំរុញឲ្យមានការរៀបចំនូវការប្រារព្ធខួបលើកទី៦៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ជាពិសេសលើការធ្វើពាណិជ្ជកម្មទេសចរណ៍ ការហោះហើរត្រង់ ការផ្លាស់ប្តូការសិក្សារបស់និស្សិត ក៏ដូចជាប្រជាជន និងប្រជាជនផងដែរ។ ហើយក្នុងឱកាសនោះ សម្ដេចតេជោក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនទៅដល់ ឯកឧត្តមប្រធានរដ្ឋមីយ៉ាន់ម៉ា ដូចជាលោកជំទាវទីប្រឹក្សារដ្ឋអង់ សានស៊ូជី ផងដែរ៕

ដកស្រង់ពី FB កែសម្រួលដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here