ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ បានផ្តល់អំណោយជូនបងប្អូនកម្មករស៊ីក្លូជាង៣០០នាក់ ដើម្បីអោយបងប្អូនបានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅក្នុងសាលារាជធានី ដោយមានការចូលរួម ឯកឧត្តម ឃួង ស្រេង និងមានការចូលរួមពី មន្ត្រីក្រោមឱវាទមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែង តែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ដោយឡែកសម្រាប់បងប្អូនកម្មករស៊ីកូ សម្តេចតេជោ ក៏ បានសំរេចបង្កើតអោយមានជាសមាគម មូលនិធិ ត្រីចក្រយានកម្ពុជាដែលជាផ្នែកមួយក្នុងការចូលរួមអនុវត្តប្រពន្ធ័គាំពារសង្គម និងគិតគូពីសុខ ទុក្ខរបស់ បងប្អូនក្នុងចំណោម អ្នកប្រកបរបរធាក់ស៊ី ក្លូចំនួនជាង ៣០០ នាក់ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។
ជាក់ស្តែងសម្រាប់នៅរសៀលនេះ បងប្អូនស៊ីក្លូចំនួន៣១៦នាក់ បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបានអាវយឺត ៥អាវ មី៥កញ្ចប់ តែ៥កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡូ ត្រីខ ២កំប៉ុង ទឹកក្រូច៤ កំប៉ុងស្រាក់បាយ ១ស្រាក់ សាប៊ូកន្លះគីឡូ ១កញ្ចប់ នំប៉ុង១ដើម ទឹកសុទ្ធបរិភោគ ១ដប និងថវិកាចំនួន១១ម៉ឺនរៀល ដើម្បីអោយបងប្អូនបានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕
ដោយ ៖ NCNDaily