រដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកាន់បិណ្ឌវេនទី១២ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្ត ប្រសិទ្ធីរីមារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ

0
451

ភ្នំពេញ៖ រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម  ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ    រួមនឹង ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃសាលារដ្ឋរាជធានី មន្ដ្រីសាលាខណ្ឌព្រែកព្នៅ  បានមកជួបជុំគ្នា ចូលរួមកាន់បិណ្ឌវេនទី១២ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវត្តប្រសិទ្ធីរីមារាម ស្ថិតក្នុងសង្កាត់ពន្សាំង  ខណ្ឌព្រែកព្នៅ  រាជធានីភ្នំពេញ។

សម្រាប់ ព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ ថ្នាក់ដឹកនាំនិងសមាជិកសមាជិកា ទាំងអស់ បាននាំយកនូវ ទៀនធូប ផ្កា ភ្ញីថ្វាយដល់ព្រះសម្មាសម្ពុទ្ធ ព្រមទាំង នំនែក ផ្លែឈើ ចង្ហាន់បិណ្ឌបាត្រ និង គ្រឿងបរិក្ខាជាច្រើនទៀតវេរប្រគេនដល់ព្រះសង្ឃ និងរាប់បាត្របង្សុកូលដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជន សាច់សារលោហិត ដែលបានចែកឋានទៅកាន់អបាយភូមិ សូមឲ្យបានរួចរំដោះទៅកាន់ សុគតិភពកុំបីឃ្លាង  ឃ្លៀតឡើយ។

ព្រះចៅអធិការ វត្តប្រសិទ្ធីរីមារាម មានសង្ឃដីការថា ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅ មានអត្ថនយ័សំខាន់មួយទៀត គឺ ការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តឲ្យលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង ៤ មាន នរក តិរិច្ឆាន អសុរកាយ និងប្រេតជាដើម។

គួរបញ្ជាក់ថា សម្រាប់រដូវកាន់បិណ្ឌក្នុងឆ្នាំនេះ ដែលថ្នាក់ដឹកនាំមន្ដ្រីរាជការ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមកាន់បិណ្ឌជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលនេះជាការផ្សាភ្ជាប់រវាងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ និង ជាការរួមសាមគ្គីគ្នាក្នុងការទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជួយថែរក្សាប្រពៃណី ទំនៀមទំលាប់ កេរដំណែលរបស់ដូនតាយើងឲ្យបានស្ថិតស្ថេរគង្សវង្ស។

ក្នុងឱកាសកាន់បិណ្ឌវេនទី១២នៅវត្តប្រសិទ្ធីរីមារាមនេះ ដោយទឹកចិត្តជ្រះថ្លារបស់មន្ដ្រីរាជការអាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ប្រមូលបានបច្ចយ័ចំនួនជាង១១លានរៀល ដែល១ចំណែកសម្រាប់ប្រើប្រាស់ឧបត្ថម្ភដល់ព្រះសង្ឃ និងមួយចំណែកទៀត សម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្ត ឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យទីអារាមនេះ    សក្ដ័សមជាកន្លែងសក្ការៈបូជាសំរាប់ជាប្រយោជន៍ ដល់ពុទ្ធសាសនិកជនទូទៅ។

សូមជំរាបជូនថា នៅក្នុងខណ្ឌព្រែកព្នៅមាន វត្តចំនួន១៨វត្ត  និងមានព្រះសង្ឃ ចំនួន ៤៧៧ អង្គ។ មកដល់វេនទី១២នេះ ស្ថានភាពនៃការកាន់បិណ្ឌរបស់ពុទ្ធសាសនិកជន នៅតាម ទីអារាមនានាក្នុងខណ្ឌបានដំណើរការទៅយ៉ាងល្អប្រសើរ ពុំមានបញ្ហា អ្វីគួរឲ្យកត់សម្គាល់ឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here