សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញនិវត្តន៍ពីចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប វិញ ដោយសុវត្ថិភាព

0
494

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍ពីការចូលរួមកិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន វិញដោយសុវត្ថិភាពនិងមានលទ្ធផលយ៉ាងជោគជ័យ។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី៤ រៀបចំធ្វើក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ” ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ ជាលទ្ធផលកិច្ចប្រជុំដែលមានប្រតិភូសភា ៦៦ប្រទេស និងអង្គការ ចំនួន១៣ បានចេញសេចក្តីថ្លែងការណ៍ចំនួន១៨ចំនុច និយាយពីការពង្រឹងពង្រីកវិស័យការទូតសភាក្នុងការដោះស្រាយបញ្ហារួមមួយចំនួន ទាក់ទងសន្តិសុខ សង្គមសេដ្ឋកិច្ច បច្ចេកវិទ្យា ជាដើម។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ អោយបង្កើនកិច្ចសហប្រតិបត្តិការលេីវិស័យការទូតសភា បើកចំហរកិច្ចសន្ទនា ដោយភាពស្មោះត្រង់និងជឿជាក់ ដើម្បីដោះស្រាយបញ្ហារួម ក្នុងការស្វែងរកសេចក្តីសុខ ការអភិវឌ្ឍដោយចីរភាពជូនពលរដ្ឋនៅទូទំាងពិលោក។

សម្តេចបានចែករំលែកពីយុទ្ធសាស្រ្តឈ្នះឈ្នះ ដែលនាំមកនូវការបញ្ចប់សង្រ្គាម ហើយទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាដល់កិច្ចប្រជុំផងដែរ។ ក្រៅពីនេះកំឡុងចូលរួមកិច្ចប្រជុំនេះ សម្តេចបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភា កាហ្សាក់ស្ថាន និងរដ្ឋសភាវៀតណាម ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់វិស័យការទូតសភាកម្ពុជា ឲ្យកាន់តែទូលំទូលាយថែមទៀត ។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានរដ្ឋសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤នេះ មានប្រតិភូសភាក្នុងតំបន់ទំាងពីរប្រមាណ៦៦ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាចំនួន១៣ទៀត។ កិច្ចនេះ ផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋកូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការរវាងតំណាងប្រជាពលរដ្ឋក្នុងតំបន់អាស៊ីនិងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយចីរភាពនិងសុខុមាលភាពសង្គមនៅក្នុងតំបន់ អាស៊ីនិងអឺរ៉ុប ក៏ដូចជាពិភពលោកទំាងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here