ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនូវកត្តាចំនួន៤យ៉ាង ដែលអាចផ្តល់ឱកាសឲ្យប្រជាពលរដ្ឋកម្ពុជា សប្បាយរីករាយជួបជុំគ្នា ក្នុងឱកាសពិធីបុណ្យទានតូចធំ មានបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ និងពិធីបុណ្យអ៊ុំទូកជាដើម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានកត្តាចំនួន៤ ដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យទានធំៗផ្សេងៗ គឺ៖
ទី១.កត្តាសុខសន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់ ក្នុងការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ បានដើរកម្សាន្តគ្រប់ទីកន្លែង។
ទី២.កត្តាហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាផ្លូវធ្វើដំណើរ ស្ពានឆ្លងកាត់ទន្លេ ទាំងទីក្រុង និងជនបទ។
ទី៣.កត្តាមធ្យោបាយធ្វើដំណើរ គឺប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា ដែលយ៉ាងហោចណាស់ក៏មានត្រឹមម៉ូតូគ្រឿងផងដែរ។
ទី៤.កត្តាប្រាក់ចំណូល គឺប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានកំណើន ជាពិសេសប្រាក់ខែមន្ត្រីរាជការ ក៏ត្រូវបានតម្លើងជាបន្តបន្ទាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចែកសញ្ញាប័ត្រដល់សិស្ស និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ៕