ខេត្តព្រះសីហនុ ៖ ករណីឃាតកម្មគិតទុកជាមុន និងរៀបចំគំរោងប្លន់សម្លាប់បុរសជនជាតិចិនម្នាក់ដែលត្រូវគេប្រទះឃើញសពដាច់ជាកំណាត់នៅចំណុចដីឡូតិ៍១គ្រឿងស្ថិតនៅភូមិ៦ សង្កាត់៤ នោះ ឃាតករត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ គឺជាជនជាតិចិនដូចគ្នា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ម៉ោង៥ល្ងាច នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានអោយដឹងថា ៖ជនរងគ្រោះឈ្មោះ WU CHENGHUI ភេទប្រុស ជនជាតិចិន មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ ED7591553 ហើយសពជនរងគ្រោះត្រូវបានកាត់ជា ៣កំណាត់ ដោយកំណាត់ទី១ ពីក្បាលដល់ចង្កេះ, កំណាត់ទី២ ពីចង្កេះដល់ជង្គង់ និងកំណាត់ទី៣ ពីជង្គង់ដល់បាតជើង ។
សេចក្តីរាយការណ៍បន្តថា ចំណែកជនសង្ស័យ ឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខ E05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ រីឯវត្ថុតាងចាប់យកបាន មានកាំប៉ិតបុ័ងតោ១ដើម, អាវយឺតដៃវែង១, ខោជើងសលាយឆ្នូតខ្មៅ១, ខោវជើងខ្មៅលាយឆ្នូតស១, អាវយឺតដៃវែង១ និងអាវយឺតសដៃខ្លី១ សុទ្ធតែប្រឡាក់ឈាម ព្រមរថយន្ត ១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-1611 ដែលមធ្យោបាយដឹកជញ្ជូនសាកសពជនរងគ្រោះយកទៅប្លុងចោល។
ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថា កើតឡើងដោយសារជនរងគ្រោះបានទំនាក់ទំនងជនសង្ស័យដើម្បីប្តូរប្រាក់ចិនជាប្រាក់ដុល្លារអាមេរិក លុះនៅថ្ងៃទី៣០ កញ្ញា ម៉ោង៥ល្ងាច ជនរងគ្រោះទៅហាងប្តូប្រាក់របស់ជនសង្ស័យយីហោប្តូរប្រាក់ «ជាំងស៊ូ» នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤។ បន្ទាប់ពីជនរងគ្រោះបានវេរប្រាក់ទៅឱ្យជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំប៉ិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង ។
ជនសង្ស័យសារភាពទៀត បន្ទាប់ពីសម្លាប់រួចហើយ ជនសង្ស័យក៏កាត់សពជា៣កំណាត់ រួចយកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ លុះដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ តុលាក៏ទៅជួលរថយន្តម៉ាក LEXUS 470 ដឹកសព យកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា ។
ពាក់ព័ន្ធចំពោះករណីនេះ ក្រោយពីជនសង្ស័យសារភាពរួចហើយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖ កូន ខ្លាតូច
ដោយ៖ NCN Daily