រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋក៏ដូចជាកិច្ចការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយសមភាគី សហភាពអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ ទាក់ទងទៅនឹងកម្មវិធីពន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា (អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ “EBAs”) គឺមិនបានធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះឡើយ។ ឯកឧត្តមបានពន្យល់ថា ពីព្រោះយោងទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះពន្ធអនុគ្រោះ EBAs គឺមានគោលការណ៍ និងទិសដៅ “សម្រាប់ផ្ដល់ឱ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs)” ដូចជាប្រទេសកម្ពុជា ហើយក៏ជាប្រទេសដែលនាំមុខគេក្នុងការផ្តល់សច្ចាប័ន នៃកិច្ចព្រមព្រៀងជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាកត្តាចម្បងមួយ ក្នុងការទទួលបានពន្ធអនុគ្រោះពាណិជ្ជកម្ម EBAs នេះ។ ទន្ទឹមនេះ កម្ពុជា ក៏បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទ្ធ ជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នាទៅវិញទៅមក។
ឯកឧត្តមបានលើកឡើងថា នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីពន្ធអនុគ្រោះ (EBAs) ជាមួយនឹងកិច្ចធានានូវអធិបតេយ្យ និងឯករាជ្យភាពរៀងៗខ្លួន ។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់កម្ពុជា គឺនៅតែគោរព និងវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយអង្គការពលកម្មអន្តរជាតិ(ILO) ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងកិច្ចរួមគា្ន ដើម្បីសិទ្ធិសេរី និងជីវភាពថ្លៃថ្នូររបស់កម្មករ កម្មការិនី ដែលជាបុព្វហេតុ និងឧត្តមប្រយោជន៍របស់កម្ពុជា និងសហភាពអឺរ៉ុប ដែលបានប្តេជ្ញាអភិវឌ្ឍន៍ និងការពាររហូតដល់ទទួលបានជោគជ័យជាប្រយោជន៍រួមនាបច្ចុប្បន្ននេះ ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានកិតិ្តយស និងសេចក្តីរីករាយ សូមជម្រាបជូនដល់ជនរួមជាតិទាំងអស់ កុំឱ្យមានការព្រួយបារម្ភតាមរយៈការវិភាគ និងការវាយតម្លៃមិនសមហេតុផលស្តីពីពន្ធអនុគ្រោះ EBAs។ ហើយពន្ធអនុគ្រោះនេះ គឺមាននីតិវិធីក្នុងការអនុវត្ត ឬការដោះស្រាយ ដែលនឹងត្រូវចំណោយពេលវែងឆ្ងាយទៅមុខទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងភាគីសហភាពអឺរ៉ុប និងកម្ពុជា។ ឯកឧត្តមបានបន្ថែមថា នៅក្នុងន័យនេះ ដំណើរការនៃផលិតកម្មឧស្សាហកម្ម វាយនភណ្ឌនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបនោះ មិនទាន់មានផលប៉ះពាល់អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ។
ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមទៀតថា ក្នុងឋានៈជាប្រទេសអធិបតេយ្យមួយ កម្ពុជាត្រូវតែប្រកាន់ភ្ជាប់នូវគោលការណ៍ ឯករាជ្យ អធិបតេយ្យ និងបូរណភាពរបស់ខ្លួនដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈដែលកម្ពុជាធ្វើកា ក្នុងភាពស្មើមុខមាត់ជាមួយសហគមន៍អន្តរជាតិ ៕