ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៦ ចំនួន២៩នាក់ ចូលសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ផ្តាំផ្ញើរ មុនចេញដំណើរ កាលពីល្ងាច ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីការអបអរសាទរ និងលេីកទឹកចិត្តដល់ប្រតិភូយុវជន ដែលនឹងធ្វេីជាអ្នកតំណាងកម្ពុជានៅលេីឆាកអន្តរជាតិ ត្រូវធ្វេីយ៉ាងណាធ្វេីការស្វែងយល់បន្ថែមពីស្ថានភាពនយោបាយសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងពិភពលោក ជាពិសេសត្រូវចេះយកឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ដោយធ្វេីការសិក្សាស្វែងយល់ទាំងក្នុងថ្នាក់រៀន និងក្រៅថ្នាក់រៀន ចែករំលែកវប្បធម៍ ភាសា ព្រមទាំងទាញយកប្រយោជន៍នៃការអភិវឌ្ឍផ្សេងៗ សំដៅចូលរួមជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភគាំទ្រ និងជូនពរប្រតិភូនាវាយុវជនទាំងអស់ មានសុខភាពល្អ សុភមង្គល និងជោគជ័យសម្រាប់ដំណេីរចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ៕