បុរសម្នាក់ ធ្វើពិធីសូត្រមន្តរំដោះគ្រោះ ដើម្បីដេញគ្រោះចង្រៃ ដោយសារប៉ូលិសចាប់ច្រឡំយកទៅ….

0
914

កំពត ៖ អ្នក​ភូមិ​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ តុលា បាន​រៀប​ចំ​ពិធីសូត្រមន្ត​រំដោះគ្រោះ​ឱ្យ​បុរស​អ្នក​ភូមិ​ម្នាក់ ​ឈ្មោះ ទិ​ត្យ ខ្លី អាយុ​៤៣​ឆាំ្ន មាន​ប្រពន្ធ​មានកូន​ស្រី​៣​នាក់ រស់នៅ​ភូមិ​ឃុំខាងលើ ។ បុរស​រូប​នេះ​ត្រូវ​បាន​នគរបាល​ស្រុក​ដងទង់ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ តុលា បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ខណៈ​បាន​ដាក់​ការ​សង្ស័យ​ថា​ បាន​ប្លន់​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​ឈ្មោះ សៅ ខេន អាយុ​៥០​ឆាំ្ន នៅ​ភូមិ​ត្រពាំង​ក្ដារ កាលពី​យប់​ថ្ងៃ​ទី​១ តុលា ។

កាល​ណោះ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​វាយ​សម្លាប់​យក​ខ្សែ​.​ក​មាស​ចំនួន​៣​ជី​កន្លះ និង​លុយ​ខ្មែរ​ចំនួន​៥០​មុ​ឺ​ន​រៀល ។ ទោះជា​បែប​ណា មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​បាន​សួរនាំ​បុរស​សង្ស័យ​រូប​នេះ​ឃើញ​ថា​ មិន​ជាប់​ពាក់ព័ន្ធ​រឿង​សម្លាប់​ស្ត្រី​មេ ម៉ាយ​ប្លន់​ទ្រព្យសម្បត្តិ​ កាលពីដើម​ខែតុលា​នោះ​ទេ ក៏​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ ។

បុរស​ឈ្មោះ ទិ​ត្យ ខ្លី បាន​រំលឹក​ថា មុន​ពេល​ចាប់ខ្លួន គាត់​កំពុង​តែ​ដាក់​ជី​អំពៅ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ស្រែ​ជា​ខាងត្បូង មក​ហៅ​ឱ្យទៅ​ឃុំ​ហើយ​ត្រូវ​បាន​គេ​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​តែ​ម្ដង ។ ឈ្មោះ ទិ​ត្យ ខ្លី និយាយ​រៀបរាប់​ថា ពេល​ដែល​នគរបាល​ចាប់​ទៅ​ប៉ូលិស​មិន​បាន​ធ្វើបាប​អ្វី​ទេ ក្រាន់​តែ​សួរនាំ​ពាក់ព័ន្ធ​រឿង​សម្លាប់​មនុស្ស តែ​ខ្លួន​មិន​បាន​សម្លាប់​ទេ ។ ដោយសារ​តែ​គ្មាន​តម្រុយ​គួរ​ឱ្យ​សង្ស័យ​ទើប​ដោះ​លែង​មក​វិញ ។

ទិ​ត្យ ខ្លី និយាយ​ប្រាប់​បន្ត​ថា ខ្លួន​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ហើយ តែ​ក្នុង​ចិត្ត​នៅ​តែ​ភ័យ​ខ្លាច​រហូត​កោរសក់ និង​និមន្ត​ត​ព្រះសង្ឃ​សូត្រ​មន្ត​រំដោះគ្រោះ​ចង្រៃ​ឱ្យ​រួច​ផុត​របូត​ទៅ ។ អ្នក​ភូមិ​ម្នាក់​ឈ្មោះ សោម សាយ ភេទ​ប្រុស អាយុ​៥៥​ឆាំ្ន បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ករណី​វាយ​សម្លាប់​ស្ត្រី​ម្នាក់​យក​ទ្រព្យសម្បតិ្ត​នេះ នគរបាល​បាន​ហៅ​អ្នក​ភូមិ​ជិត​១០​នាក់​ហើយ ទៅ​សួរនាំ ប៉ុន្តែ​មិន​បាន​ចាប់​វាយ​ខ្នោះ​ដូច​ចាប់​បុរស​ឈ្មោះ ទិ​ត្យ ខ្លី​ទេ ។

លោក សោម សាយ និយាយ​ថា បើ​នគរបាល​ចាប់​មនុស្ស​ច្រឡំ​តែ​បែប​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ក្ដារ​ភ័យ​ខ្លាច​នាំ​គ្នា​រត់​អស់ហើយ ។

លោក កង សំ​អឿ​ន នាយ​នគរបាល​ប៉ុស្តិ៍​ស្រែ​ជា​ខាងត្បូង​បាន​និយាយ​សម្រួល​ដល់​នីតិវិធី​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ថា ករណី​ស្ត្រី​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្លន់​សម្លាប់​នោះ​រក​មិន​ទាន់​ឃើញ​ទេ ។ ចំណែក​ឈ្មោះ ទិ​ត្យ ខ្លី នោះ​នគរបាល​មិន​បាន​ចាប់​ទេ គ្រាន់តែ​ហៅ​សួរនាំ តែ​ឈ្មោះ ទិ​ត្យ ខ្លី និយាយ​ថា នគរបាល​បាន​ដាក់​ខ្នោះដៃ​មួយ​យប់​មួយ​ថ្ងៃ មិន​អាច​ថា​ហៅ​សួរនាំ​ទេ ។ ទោះបីជា​បែប​ណា​ករណី​នេះ ​ក៏​បាន​បង្ហាញ​ថា​ប៉ូលិស​កំពុង​ខ្នះខ្នែង​រកមុខ​ឃាតករ​សម្លាប់​ស្ត្រី​រង​គ្រោះ​ផង​ដែរ ព្រោះថា​ការ​ប្លន់​សម្លាប់​នេះ បើ​មិនមែន​មនុស្ស​ស្គាល់គ្នា ប្រហែល​មិន​សម្លាប់​បំបិទមាត់​នោះ​ទេ ៕ ​

ដកស្រង់ពី កោះសន្តិភាព កែសម្រួលដោយ NCNDaily 

 

LEAVE A REPLY

Please enter your comment!
Please enter your name here