(ភ្នំពេញ) ដើម្បីបញ្ចៀសការកកស្ទះចរាចរ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ទន្លេសាបឆ្កោះទៅតំបន់អភិវឌ្ឍជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំពិភាក្សាលើសំណើសុំធ្វើការកែសម្រួលប្លង់ស្ពានបេតុងឫស្សីកែវឆ្លងកាត់ទន្លេសាប ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនOCICនិងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
មន្ត្រីជំនាញ ក្រុមហ៊ុនOCICបានអោយដឹងថា ក្រោយពីបើកអោយធ្វើចរាចរលើស្ពានបាឡេឆ្លងកាត់ទន្លេសាបខណ្ឌឬស្សីកែវ ឃើញថា ចរាចរនៅលើស្ពាន
ការកកស្ទះចរាចររាល់ថ្ងៃ ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះទើប ក្រុមហ៊ុននិងរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចសិក្សាកែសម្រួលឡើងវិញ ពោលគឺនឹងស្ថាបនាគិតគូរអោយបានគ្រប់ជ្រុងជ្រោយ ដូចការសាងសង់ស្ពានអាកាសស្ទឹងមានជ័យ ដូច្នេះដែរ។
ចំពោះការកែសម្រួលស្ពានបេតុងអមជាមួយស្ពានបាឡេឆ្លងទន្លេសាបឬស្សីកែវឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឯកភាពទាំងស្រុងហើយ ។ប៉ុន្តែទោះបីជាយ៉ាងក្តី លោកអភិបាលបានជម្រុញអោយក្រុមហ៊ុន និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការសិក្សាបន្ថែម ចំពោះផលប៉ះពាល់ ក្រោយពីមានការឯកភាពហើយនោះ ការដ្ឋានសាងសង់ស្ពានលើការសម្រួលថ្មីនេះនឹងចាប់ផ្តើមតែម្តង។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងមកនេះ បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ។
ចំពោះ ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបាឡេនេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។
ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ ៕