ក្រសួងអប់រំ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ចំពោះជនឆ្លៀតឱកាស ដើរសន្យារត់ការប្រឡងចូលចូលគ្រូបង្រៀនគ្រប់កម្រិត

0
244

(ភ្នំពេញ) សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការបញ្ជាក់ដាច់អហង្ការថា ដំណើរការប្រឡងជ្រើសរើស គ្រូបង្រៀនគ្រប់កម្រិត នឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ចំពោះជនឆ្លៀតឱកាសទាំងឡាយណា ដែលដើរសន្យារត់ការឲ្យប្រឡងចូលគ្រូបង្រៀន។

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះនេះ មានការលេចឮព័ត៌មានថា មានករណីបុគ្គលមួយចំនួន បានដើរសន្យា ជួយដល់បេក្ខជនប្រឡង ជ្រើសរើសធ្វើជាគ្រូបង្រៀនគ្រប់កម្រិត ឲ្យបានប្រឡងជាប់ ដោយថ្នូរនឹងថវិកាមួយចំនួន។

ជាមួយគ្នានេះ ក្រសួងអប់រំ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងបេក្ខជនទាំងអស់ កុំចាញ់បោកពាក្យភូតកុហករបស់ ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអាសារបង់ និងសូមអំពាវនាវដល់បេក្ខជនទាំងអស់ ខិតខំបញ្ចេញសមត្ថភាព និងគោរពតាមបទប្បញ្ញតិនានា ក្នុងដំណើរការប្រឡងជ្រើសរើស។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ដើម្បីឈានទៅទប់ស្កាត់នូវបាតុភាពមិនប្រក្រតី និងចាត់វិធានការទាន់ពេលវេលា ចំពោះជនឆ្លៀតឱកាសណាមួយនោះ ក្រសួងស្នើសុំកិច្ចសហការ មេត្តាផ្តល់ព័ត៌មាននិងអត្តសញ្ញាណ ជនប្រព្រឹត្តកំហុសទាំងនោះ មកក្រសួងតាមគ្រប់មធ្យោបាយ ដោយក្រសួងធានាការសម្ងាត់ក្នុងការផ្តល់ព័ត៌មាន។ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះជននោះ ឲ្យមកទទួលទោសតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here