ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និង ដឹកជញ្ជូន រួមជាមួថ្នាក់ដឹកនាំ ក្រសួង មន្រ្តីរាជការ នៅព្រឹកថ្ងៃទី២៦ ខែ កញ្ញានេះ បាននាំប្រជាពលរដ្ឋ ប្រមាណជា៦៦០នាក់ មកពី បណ្តាឃុំ ក្នុងស្រុកកោះធំ ខេត្ត កណ្តាល ដើម្បីធ្វើដំណើរកំសាន្ត តាមរថភ្លើង ផ្តើមចេញដំណើរពីស្ថានីយ៍រថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ រ៉ា រមាស ស្ថិតក្នុងស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំ។
ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ជិះរថភ្លើង កំសាន្ត នៅថ្ងៃនេះ ភាគច្រើនពួកគាត់ពុំធ្លាប់បានធ្វើដំណើរ តាមរថភ្លើងនោះទេ គឺធ្លាប់តែធ្វើដំណើរតាមរថយន្ត ទូក កាណូត និងមធ្យោបាយផ្សេងៗតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងនោះ បានសម្តែងនូវក្តីរីករាយ ថ្លែងអំណរគុណចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានផ្តល់ឱកាស នាំប្រជាពលរដ្ឋក្នុងស្រុកកោះធំ បានជិះរថភ្លើងកំសាន្ត បានមើលទេសភាព ដ៏ស្រស់បំព្រង នៅអមសងខាងផ្លូវ ឆ្លងកាត់ដំបន់ជាច្រើនក្នុងខេត្ត កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ពិសេសគឺបានស្គាល់ និង ដឹងពីការធ្វើដំណើរតាមផ្លូវដែកជាលើកដំបូងក្នុងមួយជីវិតរបស់ខ្លួន។
ពួកគាត់បានលើកឡើងថា ការធ្វើដំណើរ តាមរថភ្លើង ពិតជាសប្បាយរីករាយ ស្រួសធ្វើដំណើរ មានសុវត្ថិភាព មានផាសុកភាព និងបានគយគន់ទេសភាពនានា នៅតាមតំបន់ជាច្រើន នៃប្រទេសកម្ពុជា លើសពីនេះ គឺមិនមាន ការភ័យខ្លាច ដូចការធ្វើដំណើរតាមផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាសនោះឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមដំណើរការជាថ្មីឡើងវិញ នូវការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនេះ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុនោះ។ ការដឹកជញ្ជូនតាមរថភ្លើងគឺជាមធ្យោបាយដ៏សំខាន់មួយ ដែល បណ្តាប្រទេសជឿនលឿននៅលើពិភពលោកគេបានប្រើប្រាស់ជាប្រចាំ ។
សម្រាប់ក្រសួង សាធារណៈ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី បានខិតខំបង្កើតឱ្យមានការដឹកជញ្ជូននេះឡើងវិញ ។ នេះជាលើកទី៣ ហើយសម្រាប់ដំណើរកំសាន្តបែបនេះ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ បានបង្កើតឱ្យមានដំណើរ ជិះរថភ្លើង កំសាន្ត សម្រាប់យុវជន និងប្រជាជន មកពីស្រុកកោះធំ នេះម្តងរួចមកហើយ៕ ដោយ វុន សុខជា
សូមទស្សនាវីដេអូខាងក្រោម៖