សានស៊ី: ក្នុងពិព័រណ៌បច្ចេកវិទ្យាកសិកម្មទំនើបលើកទី២៦ ដែលបានប្រព្រឹត្ត ឡើងពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងលីង ខេត្តសានស៊ី ប្រទេសចិនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី ជាមួយអភិបាលក្រុងយ៉ាងលីង និងមានការចូលរួមពីតំណាង ស្ថាប័នកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្មជាច្រើន ក្នុងពិធីបើកជាផ្លូវការសន្និ សីទផ្សព្វផ្សាយបច្ចេក វិទ្យាទំនើបក្នុងវិស័យកសិកម្ម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានផ្តល់នូវបទពិសោធន៍ ដើម្បីស្វែងយល់បន្ថែម ពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ជាពិសេសវិស័យកសិកម្មទំនើប តាមគោលគំនិតផ្តួច ផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ របស់ប្រមុខដឹកនាំប្រទេសចិន។ ឯកឧត្តម បានបង្ហាញជូនអង្គសន្និ សីទស្តីពីការលើកកម្ពស់វិស័យកសិកម្មកម្ពុជា ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ដូចដែលបានកំណត់ក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធ៌ម និងប្រសិទ្ធភាព របស់រាជរដ្ឋា ភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដោយសង្កត់លើការ តម្រង់ទិសការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តម អ៊ាង សុផល្លែត ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការតាមរយៈផ្លូវមួយ ខ្សែក្រវាត់មួយ នឹងពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការនានាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ចរួមគ្នា និងអនាគតទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាសង្ឃឹមលើគម្រោង និងកិច្ចសហការបន្ថែមទៀតជាមួយមិត្តចិន ដែលជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់មួយ។
ក្នុងឪកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការក៏បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការរវាងភាគីចិន និងស្ថាប័នអន្តរជាតិមួយចំនួនផងដែរ។
ដោយ៖ NCNDaily