បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងកាលពីវេលាម៉ោងប្រមាណ៨៖៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ខាងលិចខារ៉ាអូខេចំការស្វាយ ប្រហែល៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំ យី ជិះម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ស្លាកលេខបន្ទាយមានជ័យ1L-0630 បានស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើករថយន្តបង្ក ត្រូវបានគេស្គាល់ឈ្មោះ ព្រុំ សុខ អាយុ៣៤ឆ្នាំ គឺជាមន្ត្រីពន្ធធានាគារខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាក អ៊ីស៊ុយស៊ុយ ឌីមិច (DMAX) ពណ៌ស ពាក់ស្លាកលេខBMC-0207 (ចង្កួតស្តាំ )រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងទៀតថា មុនដំបូង គេឃើញម៉ូតូជនរងគ្រោះ ជិះពីត្បូងទៅជើង ហើយរថយន្តបង្កជិះពីខាងជើងទៅខាងត្បួង បញ្ច្រាសទិសគ្នា ដោយរថយន្តបើកល្បឿនលឿនដូចហោះ លុះដល់ចំណុចកើតហេតុ ក៏បានបុកគ្នាតែម្តង ភ្លាមៗនោះអ្នកបើករថយន្តព្យាយាមបើករត់គេចខ្លួន ពីកន្លែងកើតហេតុ តែត្រូវបានកម្លាំងជំនាញដេញតាម និងឃាត់ខ្លួនបានភ្លាមៗផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ បុរសដែលជាអ្នកបើកបរកំពុងត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងសួរនាំនៅអធិការដ្ឋាន ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវីធី៕
ប្រភព៖ Heng Ly
កែសម្រួលដោយ៖ NCN Daily