ភ្នំពេញ ៖ នៅលើទំព័រហ្វេសប៊ុកមួយឈ្មោះ «ដើមរាំង-Dermrang» បានបង្ហាញនូវរឿងរ៉ាវគួរភ្ញាក់ផ្អើលដូចគេចាប់ទះកំផ្លៀង ខណៈអង្គភាពធំរកចំណូលជូនរដ្ឋ សាខាពន្ធដារ ខណ្ឌដង្កោ មានទីតាំងទល់មុខ ប៉ុស្តិ៍ជើងឯក បែរជាមានមហាចោរជ្រែកជញ្ជាំងឡើងគាស់បង្អួចប្រមូលលុយអស់ប្រមាណជាង៦ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី២៤ តុលា គ្មានអ្នកដឹងសោះ។
ជុំវិញរឿងនេះប្រភពពីសារព័ត៌មានខាងលើបានឲ្យដឹងថាក្រោយកើតហេតុ ព្រឹកមិញនេះសមត្ថកិច្ចប៉ុស្ដិ៍ជើងឯក ដែលមានតួនាទីថែរក្សាពលរដ្ឋនោះក៏បានស្ទុះស្ទាស្រវេស្រវាមកដឹកយកសន្ដិសុខរបស់ក្រុមហ៊ុនឯកជនដែលជាអ្នកយាមកាម ពន្ធដារ ខណ្ឌដង្កោ មកសាកសួរ ហើយសន្ដិសុខរូបនេះបានឲ្យដឹងថា «យប់ថ្ងៃកើតហេតុរូបគាត់បានឈប់សំរាកនៅផ្ទះ»។
យ៉ាងណាក្ដីក្រោយពីថវិកាខ្ទង់ម៉ឺនក្បែរសែនដុល្លារនេះបាត់ដោយងាយៗបែបនេះ ប្រភពព័ត៌មានខាងលើក៏បានធ្វើការរិះគន់លើមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដែលនៅទល់មុខចំបែរជាគ្មានដឹងរឿងអីបន្ដិចសោះ ស្របពេលមហាជនក៏កំពុងចងមុងរង់ចាំមើលថា តើសមត្ថកិច្ច អាចវែកមុខរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ពិសេសប្រមូលថវិកានោះបានមកវិញឬយ៉ាងណា?ខណៈថវិកាត្រូវគេសន្និដ្ឋានថាជាពន្ធដែលប្រមូលបានពីសហគ្រាស និងពលរដ្ឋ ក្នុងខណ្ឌមួយនេះ៕