មន្ត្រីរាជការនឹងត្រូវ​ឡើង​ប្រាក់ខែ​ទៀតហើយ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ តទៅ​

0
317

ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដែលមាន ការផ្សាយបន្តផ្ទាល់ ជាសាធារណ: នាព្រឹកថ្ងៃសុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩នេះ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពី​ខែមេសា ឆ្នាំ​២០២០ តទៅ រាជរដ្ឋា ភិបាល បានសម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​អប្ប បរមាដល់មន្ត្រីរាជការគ្រប់ប្រភេទ ក្នុងនោះ គ្រូបង្រៀន និង​គ្រូពេទ្យ ទទួលបាន​ប្រាក់ខែ​ច្រើនជាងគេ​។​

​នៅពេល​ផ្តើម​កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដែលមាន​ការផ្សាយ​ផ្ទាល់​ តាមទូរទស្សន៍ និង​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្រាប់​ឆ្នាំ​២០២០ ខាងមុខ ចាប់ពី​ខែមេសា​តទៅ ប្រាក់បៀវត្សរ៍​អប្បបរមា សម្រាប់​មន្ត្រីរាជការ គ្រោង​នឹង​ឡើងដល់ ១​លាន ១​សែន ៧​ម៉ឺន ២​ពាន់ ៥​រយ​រៀល​។ គ្រូបង្រៀន និង​គ្រូពេទ្យ ដល់ ១​លាន ២​សែន ៧​ម៉ឺន ២​ពាន់ ៥​រយ​រៀល​។ នគរបាលជាតិ ពលបាលត្រី ដល់ ១​លាន ២​សែន ៥​ម៉ឺន ៦​ពាន់ ៩៧៧​រៀល​។ យោធិន ថ្នាក់​ពលទោ​ល ដល់ ១ លាន ១​សែន ៨​ម៉ឺន ១​ពាន់ ៥​រយ​រៀល​។

​សម្តេច​តេ​ជោ បន្តថា ការដំឡើងប្រាក់បៀវត្សរ៍​អប្បបរមា​ខាងលើនេះ ត្រូវ​ឡើងដល់​ពិ​ដាន​នៃ​ការ​ជាប់ពន្ធ​លើ​ប្រាក់ខែ​។ តែ​រាជរដ្ឋាភិបាល បាន​កែសម្រួល​ច្បាប់ ដោយ​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២០ ពោលគឺ​ប្រាក់បៀវត្សរ៍​អប្បបរមា ដែល​នឹងត្រូវ​ដំឡើង ចាប់ពី​ខែមេសា ឆ្នាំ​២០២០ តទៅ មិនត្រូវ​ជាប់ពន្ធ​លើ​ប្រាក់ខែ​ឡើយ​។ នោះ​គឺ​នៅ​ឆ្នាំ​២០២០ អត្រា​ជាប់ពន្ធ​លើ​ប្រាក់បៀវត្សរ៍ នឹងត្រូវ​ដំឡើង​ពី ១​លាន ២​សែន​រៀល ទៅ ១​លាន ៣​សែន​រៀល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា កម្រិត​អប្បបរមា​នៃ​ប្រាក់បៀវត្សរ៍ ដែល​ត្រូវ​ជាប់ពន្ធ ត្រូវបានធ្វើ​វិសោធនកម្ម ៣​លើក រួចមកហើយ ដើម្បី​កុំ​ឲ្យ​ជាប់ពន្ធ​។ លើក​ទី​១ នៅ​ឆ្នាំ​២០១៥ កែសម្រួល​ពី ៥០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល​។ លើក​ទី​២ ពី ៨០​ម៉ឺន​រៀល ដល់ ១​លាន​រៀល នៅ​ឆ្នាំ​២០១៧ និង​លើក​ទី​៣ ពី ១​លាន​រៀល ដល់ ១​លាន ២​សែន​រៀល នៅ​ឆ្នាំ​២០១៨​។​

បើតាម​សម្តេច​តេ​ជោ ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់ឧបត្ថម្ភ​នានា ក៏​មិន​រាប់​ចូលក្នុង​មូលដ្ឋាន​គិត​ពន្ធ​ឡើយ ដូចជា​ប្រាក់​ថ្លៃ​បាយ ប្រាក់​អតីតភាព​ការងារ ជាដើម​។​

​ជាមួយនឹង​ប្រសាសន៍​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសជូន​ជនរួមជាតិ​ជាថ្មី​ថា ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ដឹកនាំ​ប្រទេស រាជរដ្ឋាភិបាល នៅតែ​មិន​យកពន្ធ​លើដី​ស្រែ ដីចម្ការ​កសិកម្ម​រប​ស់​ប្រជាកសិករ​។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏​មិន​យកពន្ធ​លើ​ប្រាក់បៀវត្សរ៍​អប្បបរមា​របស់​មន្ត្រីរាជកា​រ ព្រមទាំង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ជារៀងរហូត​​។​

​សូម​រម្លឹកថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នេះ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ថ្ងៃនេះសម្តេច​តេ​ជោ ហ៊ុន សែន ក៏​ប្រកាសស្តីពីការដាក់ឱ្យ​អនុវត្ត«​យុទ្ធសាស្ត្រស្តីពីការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ ឆ្នាំ​២០១៩-២០២៥»និង«​យុទ្ធសាស្ត្រ ស្តីពីការ គ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣»៕

LEAVE A REPLY

Please enter your comment!
Please enter your name here