(ព្រះសីហនុ) នាសៀលថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានរៀបចំពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរភារកិច្ចប្រធានការិយាល័យ និងអនុប្រធានការិយាល័យនៅការិយាល័យចំណុះមន្ទីរ ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរ.ដនសស.ខេត្តព្រះសីហនុ លោកអភិបាលក្រុង~ស្រុក តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការទាំងអស់នៃមន្ទីរ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញដីការដែល ចុះហត្ថលេខាដោយឯកឧត្តមយន្ត មីនអភិបាលខេត្ត សម្រេចតែងតាំង ផ្លាស់ប្តូរភារកិច្ច ប្រធាន អនុប្រធានការិយាលយ័ក្រោមឱវាទ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុច្រើនរូប ហើយពិធីប្រកាសតែងតាំង ផ្លាស់ប្តូរភារកិច្ច ប្រធាន អនុប្រធានការិយាលយ័ក្រោមឱវាទមន្ទីរនេះ។
យោងតាមដីការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា មានមន្ត្រីជាច្រើនរូបដែលទទួលការតែងតាំងនិងផ្លាស់ប្តូរភារកិច្ច ក្នុងនោះមានការផ្លាស់ប្តូរតំណែងមន្ត្រីពីមន្ទីរ ទៅទទួលការងារក្នុងជួរថ្នាក់ដឹកនាំ តាមការិយាលយ័រៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងភូមិបាល ស្រុក ក្រុង ហើយមន្ត្រីថ្នាក់ដឹកនាំតាមការិយាលយ័រៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងភូមិបាល ស្រុក ក្រុង មួយចំនួនក៍ត្រូវបានផ្ទេរភារកិច្ចមកជាមន្ត្រីទទួលខុសត្រូវនៅថ្នាក់ការិយាលយ័ជំនាញក្នុងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុវិញផងដែរ។
ឯកឧត្តម ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្ត មានប្រសាសន៍ថា ការផ្លាស់ប្តូរភារកិច្ចនេះ ជាដំណើរការធម្មតារបស់ស្ថាបន័រដ្ឋ មិនពាក់ពន្ធ័នឹងការដាក់ពិនយ័ទៅលើមន្ត្រីរូបណាមួយឡើយ និងសូមឲ្យមន្ត្រីទាំងអស់ប្រឹងប្រែង បម្រើប្រជាពលរដ្ឋបន្តទៀត ជាពិសេសត្រូវធ្វើការងារឲ្យលឿន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ តាមមូលដ្ឋានរបស់ពួគគាត់។
លោកចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានថ្លែងថា លទ្ធផលសម្រេចបាន ក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ ២០១៨ មានដូចជា ស្ថានភាពទូទៅ របសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសេនាធិការឲ្យអាជ្ញាធរខេត្ត ក្នុងការបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លី ការចេញលិខិតអនុញ្ញាតសាងសង់ ការកសាងប្លង់គោលប្រើប្រាស់ដីធ្លី និងការងារយ៉ាងច្រើនទៀត ពាក់ព័ន្ធ វិស័យដីធ្លី និងសំណង់ ដែលត្រូវបានកណត់តាមការប្រកាសលេខ ៧៦ ប្រក/ដនស ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៩៩ ស្តីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រុង ។
មន្ទីរមានការិយាល័យ ចំណុះក្រោមឳវាទចំនួន ១០ការិយាល័យ គឺក្នុងនោះមន្ទីរមាន ០៦ការិយាល័យ គឺ៖ ការិយាល័យរដ្ឋបាល, ការិយាល័យរៀបចំដែនដី និង នគរូបនីយកម្ម ការិយាល័យសំណង់, ការិយាល័យអភិរក្សសុរិយោដី, ការិយាល័យបច្ចេកទេសសុរិយោដី និងភូមិសាស្ត្រ,ការិយាល័យលំនៅឋាន, និងការិយាល័យតាមបណ្តា ក្រុង/ស្រុក ចំនូន ០៤ ការិយាល័យគឺ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងព្រះសីហនុ, ស្រុកព្រៃនប់, ស្រុកស្ទឹងហាវ, ស្រុកកំពង់សីលា, ។ មន្ទីរមានមន្ត្រីសរុបចំនួន ១០១នាក់ (ស្រី ១១នាក់ ) ដែលក្នុងមន្ទីរមានចំនូន៦៣នាក់ ( ស្រី៩នាក់ ) និងមន្ត្រីការិយាល័យក្រុង/ស្រុក ទាំងបួនចំនួន ៣៦នាក់ (ស្រី២នាក់) ។
ទន្ទឹងនេះដែរ មន្ទីរបានសម្រេចការងារបានក្នុងរយៈពេល៩ខែដើមឆ្នាំ ២០១៨ ចំណូលសរុបទាំងអស់ចំនួន ២៧,០២២,១៧០,៨៣៣រៀល ។
លោកបានបន្តទៀតថា ការងាររដ្ឋបាលដីធ្លី មានដូចជា ១- ការងារចុះបញ្ជីដាច់ដោយដុំចេញប័ណ្ណលើកដំបូង បានចំនួនសរុប ១៤៣ប័ណ្ណ ២- ការងារចុះបញ្ជីបន្តគ្រប់ប្រភេទទូទាំងខេត្តព្រះសីហនុ បានចំនួនសរុប ៦៥៧៦ ប័ណ្ណ ៣- ការងារចុះបញ្ជីចេញប័ណ្ណលក្ខណៈប្រព័ន្ធ ចេញប័ណ្ណបានចំនួន ៨៨២ប័ណ្ណ ៤-ការអនុវត្តតាមបទបញ្ជាលេខ ០១បប ត្រូវបានជម្រះ និងចេញប័ណ្ណជូនប្រជាពលរដ្ឋ ស្រុកកំពង់សីលា និងស្រុកព្រៃនប បានចំនួន ៤៨ប័ណ្ណ ។
បន្ថែមពីនេះទៅទៀត ការងារសំណង់គឺការសង់ លំនៅដ្ឋាន សរុបចំនួន ១៧៣គ្រោង ដែលមានគម្រោងក្រលាផ្ទៃ ១១៤.៨៩៥ ម៉ែត្រការ៉េ ដោយប្រើទុនវិនិយោគ ២២.៨២៨.០៣៨ ដុល្លារអាមេរិក សំណង់ពាណិជកម្ម សរុបចំនួន ២៩គម្រោង ដែលមានផ្ទៃក្រឡាផ្ទៃ ៤១៩.៣១៣ ម៉ែត្រការ៉េ ដោយប្រើទុនវិនិយោគ ៦.៦៣៦.៥៨៨ ដុល្លារអាមេរិក សំណង់ឧស្សាហកម្ម សុរបចំនួន២៩គម្រោង ដែលមានក្រឡាផ្ទៃ ១១៨.៦៩០ ម៉ែត្រការ៉េ ដោយប្រើទុនវិនិយោគ ៦.៦៣៦.៥៨៨ ដុល្លារអាមេរិក សំណង់សាធារណៈមិនមែនថវិការដ្ឋ សរុបចំនួន២គ្រោង ដែលមានផ្ទៃក្រឡា ៦.៤៥៥ ម៉ែត្រការ៉េ ដោយប្រើទុនវិនិយោគ ៣៨៧.៣០០ដុល្លារអាមេរិក សំណង់ទេចរណ៍ សរុបមានចំនួន ១៦គម្រោង ដែលមានផ្ទៃក្រឡាផ្ទៃ ៧៣.០៤៩ ម៉ែត្រការ៉េ ដោយប្រើទុនវិនិយោគ ១៤.០៨៣.៣៤៧ ដុលាអាមេរិក ។
សូមបញ្ជាក់ដែរថា មន្ទីរសហការជាមួអាជ្ជាធរ ដែលមានពាក់ព័ន្ធ ផ្ទៀងផ្ទាត់ ដីជាក់ស្តែងតាមអនុក្រឹត្យលេខ ៥២ ចុះថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ និងបានចុះវាស់វែងបោះបង្គោលព្រំដីចំនួន ២៥បង្គោល លើផ្ទៃដី ៤៧៤ហិកតា ក្នងទីតាំងសម្បទានសង្គមកិច្ចស្ថិតនៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។