(កំពង់ឆ្នាំង) ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្តទេពធីតារាម (ហៅវត្តយាយទេព) ស្ថិតនៅ ភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សពព្រះអង្គព្រះនាម ព្រហ្ម នរៈសិទ្ធិ ព្រះជន្ម៤១ព្រះវស្សា ជាព្រះចៅអធិការវត្ត។
តាមប្រភពព័ត៌មានពីគណៈកម្មារធិការវត្ត បានឲ្យដឹងថា ព្រះអង្គបានសុគតតាំងពីម៉ោងប្រហែល៣ៈ៤០នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មកម្ល៉េះ លុះវេលាកើតហេតុខាងលើ ខណៈដែលកូនសិស្សលោក បើកទ្វារចូលទៅដាស់ ទើបដឹងថា ព្រះអង្គបានសុគតបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិសទ្ធចំណុះជើងនាំគ្នាចោមរោមមើល។
ក្រោយទទួលបានព័ត៌មានព្រះអង្គសុគត សមត្ថកិច្ចនគរបាលជំនាញខេត្ត បានចុះមកធ្វើកោសលវិច័យ ឃើញថា ព្រះអង្គពិតជាសុគត ដោយសាររោគគាំងបេះដូងពិតប្រាដកមែន។ សពព្រះអង្គ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ជូនគណៈកម្មារធិការអាចារ្យវត្ត ដើម្បីបុណ្យតាមប្រពៃណីខ្មែរ។ វត្តពោធិតារាម ហៅ វត្តយាយទេព ស្ថិតនៅក្នុង ភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយវត្តនេះសង់នៅលើផ្ទៃដីទំហំជាង ២ ហិកតា ចាប់តាំងពីកកើតជាទីអារាមតាំងពីឆ្នាំ ១៦៧៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានអាយុកាល ៣២៥ ឆ្នាំហើយ៕