(ភ្នំពេញ) លោកស្រីតិមា វិច្ឆិកាល នាយករងទីចាត់ការ ផែនការនិងវិនិយោគរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ហើយក្នុងនោះមន្ត្រី៨នាក់ទៀតក៏ត្រូវបានប្រកាសជាអនុប្រធានទីចាត់និងអនុអង្គភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ការប្រកាសតែងតាំងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១២ កញ្ញា ២០១៨ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចំនួនរាប់សិបនាក់។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនោះ អង្គប្រជុំបានលើកឡើងពីរបាយការណ៍ការស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ ការរៀបចំសណ្តាប់ធ្នាប់នៅតាមទីផ្សារ ពិសេសនៅ ផ្សារដើមគរ និងការរៀបចំសណ្តាប់ធ្នាប់ផ្លូវ១១ខ្សែនៅក្នុងរាជធានីភ្នំពេញ។ របាយការណ៍ការស្តីពីការងារការពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ការងារត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន ដែលអនុវត្តនៅទូទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញ ។ របាយការណ៍សកម្មភាពរបស់អតីតសកម្មជនរបស់បក្សសង្គ្រោះជាតិនៅក្នុងមូលដ្ឋាននីមួយៗ។ របាយការណ៍ស្តីពីការងារចុះកិច្ចសន្យាជាមួយម្ចាស់ក្លឹបកំសាន្ត អាជីវកម្មក្នុងវិស័យទេសចរណ៍រាជធានីភ្នំពេញនិងកាលុបបំបាត់ការប្រើប្រាស់ ការជួញដូរចែកចាយគ្រឿងញៀន៕