ឯកឧត្តម ឃួង ស្រេង ជម្រុញឱ្យក្រុមការងារ គ្រប់ផ្នែកសម្រុកធ្វើការងារឲ្យបានល្អ ក្នុងឱកាសបុណ្យជាតិធំៗខាងមុខនេះ

0
307

ភ្នំពេញ ៖អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញឱ្យក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញសម្រុកបង្ហើយការងាររបស់ខ្លួនដែលនៅសេសសល់បន្តិចបន្តួចឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃនេះ ព្រោះថាបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩ឈានជិតមកដល់ហើយ។ រាជធានីភ្នំពេញត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។

ការថ្លែងបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួននៅទីទាំងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថាគ្រប់ភាគីពាក់ព័ន្ធត្រូវសម្រុកពន្លឿនការកែលម្អសោភណ័ភាពនិងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ២០១៩នេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើននិងមានភាពអធិកអធម។

ជាងនេះទៅទៀតឯកឧត្តមអភិបាល ក៏បានសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បំផុតលើបញ្ហាសំរាមទាំងការរៀបចំទុកដាក់ការផ្សព្វផ្សាយអប់រំពីការវេចខ្ចប់ការពង្រាយធុងឬកញ្ឆេសំរាមការប្រមូលសំរាមចេញពីបរិវេណពិធី និងកន្លែងសប្បាយភាពនានាត្រូវតែធានាឱ្យបានទាន់ពេលវេលានិងល្អបំផុត។

ឯកឧត្តមអភិបាលរាជធានី បានសុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់និងទុកដាក់សំរាមតាមធុងឬកញ្ឆេសំរាមឱ្យបានត្រឹមត្រូវដើម្បីសោភណ្ឌភាពរាធានីភ្នំពេញរបស់យើង៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here