សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២០ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង តែត្រូវរួមគ្នាដោះស្រាយប្រព័ន្ធលូរំដោះទឹក

0
490

ព្រះសីហនុ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២០ ក្រុងព្រះសីហនុ នឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំងទាំងផ្លូវ និងអគារ។ ក្នុងនោះអគារដែលមានកម្ពស់ចាប់៥ជាន់ ឡើងលើ សាងសង់រួចរាល់មានចំនួន ២២៩អគារ ហើយកំពុងសាងសង់ប្រមាណ៨០០អគារ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទាក់ទាញទាំងវិស័យទេសចរណ៍និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាទីក្រុងនៃច្រកកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចតេជោ បន្តថា គ្រាន់តែឆ្នាំ២០១៩នេះ អ្នកទេសចរមកខេត្តព្រះសីហនុ មានចំនួន ១លាន ៩សែន ៤ម៉ឺននាក់ កើនឡើងប្រមាណ ១០.៦៧ភាគរយ ហើយនៅពេលដែលផ្លូវទាំងអស់ត្រូវបានសាងសង់រួចរាល់នោះ គឺក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២នៅកម្ពុជា។

ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាដែលត្រូវយកចិត្តទុកដាក់នៅខេត្តព្រះសីហនុ គឺដោះស្រាយប្រព័ន្ធលូទឹកស្អុយ ដែលត្រូវស្តារឡើងវិញទាំងអស់ អញ្ចឹងហើយបានជាយើងធ្វើផ្លូវនៅខេត្តព្រះសីហនុ នាពេលនេះគឺមានលូអមសងខាងផ្លូវ។សម្តេចតេជោ ហ៊ុន សែន បន្តថា ថវិកាប្រមាណ ២លាន ៥សែនដុល្លារ ត្រូវបានប្រើសម្រាប់ស្តារលូ ប្រឡាយនានា ដើម្បីរំដោះទឹកក្នុងក្រុងព្រះសីហនុ ហើយសម្តេចបានស្នើឱ្យមិត្តចិនជួយបន្ថែម លើប្រព័ន្ធចម្រុះទឹកកខ្វក់ ដើម្បីធានាថា ទឹកសមុទ្រក្នុងខេត្តព្រះសីហនុនឹងនៅតែជាទឹកសមុទ្រដែលមានគុណភាពល្អ អាចមុជកម្សាន្តបានជារៀងរហូត។

ស្របគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវអោយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ពេលបរិភោគអាហាររួចហើយ មិនត្រូវចោលកាកសំណល់ រឺ ថង់ផ្លាស្ទីកកុំដាក់នៅមាត់លូ ឬបោះចោលពាសវាលពាសកាល នៅក្នុងប្រពន្ធ័លូដែលបង្កផលប៉ះពាល់ដល់បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here