ប្រទេសមីយ៉ាន់ម៉ាសាទរជោគជ័យកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក

0
316

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ ឯកឧត្តម ហេនរី វ៉ាន់ធៀ អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈដែល ឯកឧត្តមអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។

សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម ហេនរី វ៉ាន់ធៀ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរណាស់មកហើយ។

ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងមីយ៉ាន់ម៉ា គឺមានទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ និងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ហេនរី វ៉ាន់ធៀ បានលើកឡើងថា ដើម្បីឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត កម្ពុជានិងមីយ៉ាន់ម៉ា ត្រូវជំរុញឲ្យការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ ឯកឧត្តមអនុប្រធានាធិបតី បានអបអរសាទរ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ទទួលបានជោគជ័យ។ ប្រទេសមីយ៉ាន់ម៉ានឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំនេះបន្តពីកម្ពុជា នៅឆ្នាំ២០២០ខាងមុខ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅកម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនង មិត្តភាព ស្អិតរមួត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ កម្ពុជាមីយ៉ាន់ម៉ា ទំាងពេលបច្ចុប្បន្ន និងអនាគត។ សម្តេចបានគូសបញ្ជាក់ថា ការបន្តថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាទ្វេភាគី និងក្នុងក្របខ័ណ្ឌសហគមអាស៊ាន ពិតជាមានសារសំខាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងទៅអនាគត នៅចំពោះមុខសភាពការណ៍សកលលោក កំពុងមានការប្រែប្រួលវិវត្តឥតឈប់ឈរ ។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា គាំទ្រនិងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានអនុវត្តជាមួយគ្នាយ៉ាងសកម្មទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីនំាមកនូវឧត្តមប្រយោជន៍ សម្រាប់ប្រជាជាតិទំាងសងខាង និងរួមចំណែកដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ចំពោះកិច្ចខិតខំស្វែង រកដំណោះស្រាយនយោបាយផ្ទៃក្នុងរួម ដើម្បីនាំមកនូវការបង្រួបបង្រួមជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here