ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើប្រទេសកម្ពុជាយើង នឹងធ្វើឲ្យបណ្តារាជធានី ខេត្តមួយចំនួន ចុះត្រជាក់ ចាប់ពីថ្ងៃទី០៥-០៩ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងនោះខេត្តដែលចុះត្រជាក់ខ្លាំងជាងគេរួមមាន ៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨°C និងសីតុណ្ហភាពអតិបរមា មានពី២៥-២៧°C ។
ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមាមានពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨°C ។
រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី ២១-២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។
ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
ស្ថានភាពអាកាសធាតុ ដែលនឹងបន្តចុះត្រជាក់នេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ព ដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះត្រជាក់នេះ ៕