ឯកឧត្តម ឃួង ស្រេង ប្រាប់មហាសន្និបាត AIMF ថា ដោយសារនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ទើបកម្ពុជាបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងមានការអភិវឌ្ឍដូចបច្ចុប្បន្ន

0
385

ភ្នំពេញ៖ ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៩ និងខួបលើកទី៤០ នៃកំណើតសមាគមអន្ដរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបកម្ពុជាបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបានដោយជោគជ័យ និងមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។

ថ្លែងជាភាសាបារាំង ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ក្នុងទសវត្សន៍ឆ្នាំ៧០ រាជធានីភ្នំពេញ បានរងសង្គ្រាមទម្លាក់គ្រាប់បែក និងធ្លាក់ចូលក្នុង សង្រ្គាមរវាងខ្មែរ និងខ្មែរ។ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានអូសបន្លាយជិត៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឲ្យរាជធានីកម្ពុជាមួយនេះ ក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ គ្មានការគោរពសិទ្ធិមនុស្ស។

អភិបាលរាជធានីភ្នំពេញ បានបន្ដទៀតថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារបន្តិចម្តងៗ ស្របតាមដំណើរវិវត្តន៍ នៃបរិការណ៍ជាក់ស្តែងនីមួយៗហើយបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជធានីភ្នំពេញ បានស្គាល់សាជាថ្មី នូវការអភិវឌ្ឍ។

ឯកឧត្តម ឃួង ស្រេង ថ្លែងយ៉ាងដូច្នេះថា «នយោបាយឈ្នះឈ្នះ របស់សម្តេចបានធ្វើឲ្យសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ បានបញ្ចប់ជាស្ថាពរនាំមកនូវការបង្រួបបង្រួមជាតិ និងសុខសន្តិភាពពេញលេញជូនកម្ពុជា បង្កើតបានជាមូលដ្ឋានគ្រឹះ សម្រាប់បង្កើតរបបគ្រប់គ្រងដឹកនាំរដ្ឋបាលសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន។ ជោគជ័យ និងវិបុលភាពជាប់ជាប្រចាំ ក្នុងរយៈពេល០២ទសវត្សរ៍ចុងក្រោយ គឺជាផលដែលបានមកពីការដាក់ចេញនូវនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ជាមួយនឹងនយោបាយលើកទឹកចិត្តវិនិយោគផ្ទាល់ពីបរទេស»។

ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណដល់ សមាគម AIMF ដែលបានផ្តល់កិត្តិយសដល់រាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះដើម្បីប្រារព្ធពិធីនាពេលនេះ។ អង្គសន្និបាតនាពេលនេះ ប្រារព្ធឡើងជាចៃដន្យចំពេលផុសឡើងនូវ ឧស្សហកម្មជំនាន់ទី៤ ដែលគេសម្គាល់បានដោយសារ លក្ខណៈពិសេស នៃការកកើតឡើងនូវ បញ្ញាសិប្បនិម្មិត និន្នាការសេដ្ឋកិច្ចឌីជីថល ព្រមទាំងនិន្នាការថ្មីនៃការគ្រប់គ្រងទីក្រុងឆ្លាតវៃ ដោយពិចារណាយ៉ាងមធ្យ័ត ដល់ការប្រែប្រួលអាកាសធាតុ ដូចមានគំនិតផ្តួចផ្តើមថ្មីក្នុងតំបន់អាស៊ាន ដែលមានឈ្មោះថា «បណ្តាញទីក្រុងវៃឆ្លាត អាស៊ាន» ជាតឹកតាងស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here