អភិបាលរាជធានីជំរុញឱ្យមានការស្ថាបនា ផ្លូវបាក់ស្រូតនៅព្រែកតាសេក ឡើងវិញជាបន្ទាន់ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ

0
392

(ភ្នំពេញ) ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានបានពន្លឿន ឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ធ្វើការស្ថាបនាឡើងវិញ នៅកំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាត ដោយបាក់ស្រូតដោយសារទឹកជំនន់ទន្លេសាបនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅទីតាំង ក្រុមទី២ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែកក្តដា ឆ្នាំ ២០១៨នេះ ។

 

ឯកឧត្តម ឃួង ស្រេង បានសម្តែងការសោកស្តាយជាខ្លាំង ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ  ជុំវិញគ្រោះធម្មជាតិ ដែលបណ្តាលឱ្យបាក់ស្រូតផ្លូវខាងលើនេះ។  ទោះជាយ៉ាងណាក្តីជាការឆ្លើយតប ឯកឧត្តមអភិបាលរាជធានី បានសន្យាថា នឹងស្ថាបនាផ្លូវដែលបាក់នេះឱ្យបានឆាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន ។

ជុំវិញការងារនេះ លោកអភិបាលបានជម្រុញឱ្យមន្ទីរពាក់ព័ន្ធពិសេសមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងមន្ទីរធនធានទឹក ពិនិត្យនិងសិក្សាឱ្យបានហ្មត់ចត់ មុននឹងចាក់ថ្មធ្វើគ្រឹះចាក់ដីបំពេញច្រាំងបាក់នេះឡើងវិញ។

ឯកឧត្តមបានបញ្ជាក់ថា ការស្ថាបនាលប់ច្រាំងទន្លេ ដែលបាក់នេះ ធ្វើឡើងជាបណ្តោះអាសន្ន សំខាន់ទប់កុំឱ្យបាក់បន្ត និងមួយវិញទៀតគឺអាចឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្តោះអាសន្ន ព្រោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ គឺមានតែផ្លូវមួយនេះទេ ដែលសំរាប់ធ្វើដំណើរ។

សូមបញ្ជាក់ដែរថា  នៅរដូវទឹកស្រកខាងមុខនេះ ឯកឧត្តមអភិបាល នឹងឱ្យមន្រ្តីជំនាញ ចុះមកសិក្សាបច្ចេកទេសឱ្យបានហ្មត់ចត់ ដើម្បីធ្វើឱ្យផ្លូវនេះរឹងមាំជាប់លាប់តែម្តង៕ដោយ វុន សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here