នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
នៅក្នុងជំនួបនេះ ឯកឧត្តម ជឿង ហ័រប៊ិញ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមានឱកាសដឹកនាំប្រតិភូមកចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោជាពិសេសនៅពេលដែលសម្ដេចមានពេលវេលាដ៏មមាញឹក។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបានគោរពពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីប្រមុខរដ្ឋ និងពីនាយករដ្ឋមន្រ្តីវៀតណាម គោរពជូនសម្ដេចតេជោនិងគោរពអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលសមស្របខាងមុខ។ឯកឧត្តម ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សាជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពនៅប្រទេសវៀតណាម។
ឯកឧត្តមបានជម្រាបជូនថា នៅប្រទេសវៀតណាមមានការអភិវឌ្ឍយ៉ាងល្អប្រសើរគោលដៅទាំង១២ របស់រដ្ឋាភិបាលវៀតណាម ដែលបានដាក់ចេញមកត្រូវបានសម្រេចហើយកំពុងតែជំរុញការអនុវត្តឲ្យបានសម្រេច ស្របតាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការកើនឡើងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ ឯកឧត្តម ក៏បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។ក្នុងន័យនេះ ឯកឧត្តម មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាមអាចឈានទៅដល់តាមការកំណត់៥ពាន់លានដុល្លារសហរដ្ឋអាមេរិច នៅឆ្នាំ២០២០នេះ។
លើសពីនោះទៅទៀតឯកឧត្តមក៏បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិកន្លងមក ហើយឯកឧត្តមមានប្រសាសន៍ថាវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយនេះ ហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខទុកអំពី ឯកឧត្តមប្រមុខរដ្ឋ និង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងមុខ។ ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺជួយដល់ស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់យ៉ាងណាកម្រិត៥ពាន់លានដុល្លារឆ្នាំ២០២០នេះ សម្តេច បានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺអាចធំជាង ៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដល់ប្រទេសវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិជាតិនៅឆ្នាំក្រោយនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោបានលើកឡើងថាកម្ពុជានៅឆ្នាំក្រោយនេះ នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងនៅនេះគប្បីណាប្រទេសយើងទាំងពីរ សហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមកទាំងនៅកិច្ចប្រជុំនៅវៀតណាមនិងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវភាពជោគជ័យឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបានរីកចម្រើនឡើងថែមទៀត។
លើសពីនេះទៀតសម្ដេចតេជោ ក៏ស្វាគមន៍ចំពោះការពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ជាមួយនឹងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន និងបានផ្តាំសួរសុខទុក្ខទៅដល់ប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមផងដែរ៕ក