ខេត្តសៀមរាប៖មួយករណីទៀតហើយ ដែលសមត្ថកិច្ច ប្រឆាំងផលិតផលក្លែងក្លាយ បង្រាបនិងរឹមអូសបាន ប៊ីចេងក្លែងក្លាយ សញ្ញារូបវែក កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩។
ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក)ចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធដោយមានការសំរបរំរួលនីតិវិធីពីព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាបលោក សំរឹទ្ធ សុខុន។
ក្រោមការចង្អុរបង្ហាញ ពីនលោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គបផក)។
បានបញ្ជាអោយ បន្តចុះបង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែកក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។
ជាលទ្ធផលបានរកឃើញ ប៊ីចេងសញ្ញារូបវែកក្លែងក្លាយសរុបប្រមាណជាង១៨តោន ។ ក្រោយការរកឃើញនេះព្រះរាជ្ញារងខេត្តសៀមរាបបាន បញ្ជាអោយមន្ត្រីនគរបាលយុត្តិធម៌(គបផក)នាំម្ចាស់ទីតាំងទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។
សូមជម្រាបថា ៖ ប្រតិបត្តិការបង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងក្លែងក្លាយទី១ ស្ថិតនៅផ្ទះលេខ ៧២អា ៧២បេ ផ្លូវ១០៨សេ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩កន្លងទៅ ។
ក្នុងឪកាសនោះលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធាបានអំពាវនាវដល់ប្រជាពលរដ្ឋនិងមហាជនទាំងអស់សូមចូលរួមជួយផ្តល់ព័ត៍មានដល់លោកដើម្បីងាយស្រួលឈានទៅបង្ក្រាបបន្តទៀត តាមរយះលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣ ៕