ខេត្តកោះកុង ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យស៊ើបអង្កេតនាយទាហានម្នាក់ ករណីចាក់ដីចូលសមុទ្ររួចមក នៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ធ្នូ ២០១៩នេះ អាជ្ញាធរខេត្តកោះកុង និងមន្ដ្រីមកពីក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងដែរ បានចុះទៅពិនិត្យជាក់ស្ដែង នៅទីតាំងដែលចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ក្រុមការងារចម្រុះរបស់ខេត្តកោះកុង មានអាជ្ញាធរខេត្ដ និងមន្ដ្រីរបស់ក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងដែរ បានចុះទៅដល់ទីតាំងបូមខ្សាច់លុបសមុទ្រនោះ កំពុងអង្កេតពិនិត្យតាមលក្ខណៈបច្ចេកទេស ជាបឋមរកឃើញថា មានចាក់ដីបំពេញបន្ថែមចូលមាត់ព្រែកប៉ោ មានបណ្តោយប្រវែង៤៣ម៉ែត្រ ទទឹង៣ម៉ែត្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ទីតាំងបូមខ្សាច់នេះ ប្រភពព័ត៌មានថា ជារបស់លោកឧត្តមសេនីយ៍ទោ ទុន ដៀត មានតួនាទីជានាយករងទីចាត់ការទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ ។
ពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រានចូលចូលក្នុងសមុទ្រនេះដែរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានចុះទៅដល់ទីតាំងជាក់ស្ដែង និងធ្វើការស្រាវជ្រាវរហូតឃើញថា ឧត្តមសេនីយ៍ពាក់ផ្កាយ២ លោក ទុន ដៀត ពិតជាបានលុបខ្សាច់លុបសមុទ្រប្រាកដមែន ។
សូមរម្លឹកថា លោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យស៊ើបអង្កេតលើមន្ត្រីយោធាផ្កាយ២ នៅខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត ជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តកោះកុង ។
ថ្លែងនៅក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៨ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត សម្តេចតេជោ បានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ ករណីចាក់ដីលុបសមុទ្រ នៅក្នុងខេត្តកោះកុងពេលថ្មីៗនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមាន ការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ តើវាមានពិតទេ ? ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ ។ ព្រោះ បើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះគឺមិនអនុញ្ញាតឱ្យមាននោះទេ ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily