(ភ្នំពេញ) ទឹកថ្នាំជ្រលក់ដៃ សម្រាប់ការបោះឆ្នោត លែងជាបញ្ហាចោទទៀតហើយ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធ ទទួលស្គាល់គុណភាព។ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការធ្វើតេស្តគុណភាពទឹកថ្នាំ នៅថ្ងៃទី១៧ កក្កដានេះ ដើម្បីបញ្ចប់មន្ទិលសង្ស័យសាធារណជន។
អគ្គលេខាធិការ គ.ជ.ប ឯកឧត្តម ទេព នីថា បានពន្យល់ថា ទឹកខ្មៅប្រើក្នុងពេលបោះឆ្នោតនេះ បានផ្សំពីសារធាតុសូលុយស្យុងប្រាក់នីត្រាត ដែលមានធាតុប្រាក់២៥ភាគរយ ហើយមានគុណភាពល្អ និងមិនប៉ះពាល់ដល់សុខភាពឡើយ។ លោក ទេព នីថា បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានបញ្ជាទិញតាមរូបមន្តដដែល ក្រុមហ៊ុនដដែល នៅពេលដែលជ្រលក់ហើយដើរត្រូវថ្ងៃនោះ នឹងឡើងខ្មៅខ្លាំងមិនខាន។ ការសាកល្បងក៏បានបង្ហាញដែរ ថាគុណភាពគឺល្អដូចមុន»។
បើតាមឯកឧត្តម ទេព នីថា ប្រភេទទឹកថ្នាំសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ គឺជាប្រភេទទឹកថ្នាំតែមួយ ដែលយកមកប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមកដែរ។
ការធ្វើតេស្តលើគុណភាពទឹកថ្នាំនេះ ក៏មានការចូលរួមពីខាងគណបក្សនយោបាយ សង្គមស៊ីវិល និងបណ្ដាអង្គទូតប្រចាំកម្ពុជាផងដែរ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក ដែលបានជ្រលក់ដៃសាកល្បងទឹកថ្នាំនេះ ទទួលស្គាល់ថា ទឹកថ្នាំជ្រលក់ដៃសម្រាប់ការបោះឆ្នោត ពិតជាមានគុណភាព ដែលអាចទុកចិត្តបាន។ ថ្លែងក្រោយសន្និសីទកាសែត ដែលរៀបចំនៅគជប លោក សំ គន្ធាមី បញ្ជាក់បន្ថែមដូច្នេះថា៖ «ទឹកខ្មៅនេះ ទោះព័ណ៌រៀងស្រាលបន្តិចមែន នៅពេលដែលយើងនៅកន្លែងត្រជាក់ដូច្នេះ។ តែវាមិនអាចលុបបានទេ ព្រោះខ្ញុំបានលុបហើយ។ សរុបទៅទឹកថ្នាំនេះអាចជឿជាក់បាន»។
ចំណែកតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សួង សារ៉ាត់ ក៏មិនព្រួយបារម្ភលើបញ្ហាគុណភាពទឹកថ្នាំជ្រលក់ដៃនេះដែរ។ «អាចចាត់ទុកថាជាទឹកថ្នាំមួយល្អ អាចទទួលយកបាន។ តាមសង្កេតទៅលើទឹកថ្នាំមិនមានអ្វីដែលមិនប្រក្រតីទេ ឬអាចលាងជ្រះភ្លាមៗ ឬក្នុងរយៈពេលមួយថ្ងៃនោះទេ»។ នេះជាការបញ្ជាក់របស់លោក សួង សារ៉ាត់ ។
តែយ៉ាងណាគ.ជ.ប នឹងរៀបចំឲ្យមានការពិនិត្យ និងធ្វើតេស្តលើគុណភាពទឹកថ្នាំនេះ ជាលើកទី២ ដោយមានការចូលរួមពីភាគីក្រុមហ៊ុន និងអ្នកផលិតពីប្រទេសឥណ្ឌា ដើម្បីបង្ហាញភាពត្រឹមត្រូវរបស់គ.ជ.ប និងបញ្ចប់មន្ទិលសង្ស័យរបស់សាធារណជន។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលធ្លាប់ប្រាប់សារព័ត៌មានថ្មីៗកន្លងមក។
ទឹកថ្នាំជ្រលក់ដៃនេះ ត្រូវបាន គ.ជ.ប បញ្ជាទិញចំនួន ៥១,០០០ដប ស្មើនឹង ៥,១០០ប្រអប់ និងចំណាយប្រាក់អស់ ៨០០ពាន់ដុល្លារអាមេរិក។ទឹកខ្មៅជ្រលក់ដៃនេះ ត្រូវបានកម្ម៉ង់ទិញពីក្រុមហ៊ុន MYSORE PAINTS&VARNISH LTD. នៅប្រទេសឥណ្ឌា។ ជាមួយគ្នានេះទឹកថ្នាំ ត្រា និងសន្លឹកឆ្នោត នឹងបញ្ជូនទៅកាន់ការិយាល័យបោះឆ្នោតយ៉ាងយូរមួយយប់មុនថ្ងៃបោះឆ្នោត។
ការបោះឆ្នោតនៅក្នុងអាណត្តិទី៦នេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដោយមានគណបក្សចំនួន២០ចូលរួម ខណៈអ្នកមានសិទ្ធិបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧នាក់ និងមានការិយាល័យសរុបចំនួន ២២,៩៦៧ ការិយាល័យ៕