ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សេវារដ្ឋបាលរយ:ពេលមួយឆ្នាំ២០១៩ ដែលមានការចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរមពាក់ពន្ធ័នានាក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ជា បាឈុន ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្តព្រះសីហនុ បានឱ្យដឹងថា រយ:ពេលមួយឆ្នាំ២០១៩ អង្គភាពបានទទួល និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដែលមានមន្ទីរ អង្គភាពចំនួន១៨ ។ ក្នុងនោះអង្គភាពច្រកចេញចូលខេត្តព្រះសីហនុទទួលសេវារដ្ឋបាលចំនួន ៦.៦៧១ លទ្ធផលសម្រេចបាន ៥.៩៨៦សេវា នៅសល់ ៦៨៥សេវា និងទទួលតម្លៃសេវាបានចំនួន ២.៦១៣.០៤៦.២៥០រៀល ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ត្រីមន្ទីរ អង្គភាព អង្គភាពច្រកចេញ-ចូលខេត្ត និងការិយាល័យច្រកចេញ-ចូលតែមួយក្រុង ស្រុក ត្រូវ យកចិត្តទុកដាក់ ត្រៀមលក្ខណសម្បត្តិក្នុងការផ្តល់សវារដ្ឋបាលសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា តាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញ-ចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០២០ខាងមុខនេះ មន្ទីរ អង្គភាពត្រូវផ្តល់សេវាមកអង្គភាពច្រកចេញ-ចូលតែមួយខេត្ត និងការិយាល័យច្រកចេញ-ចូលតែមួយក្រុង ស្រុក ។ មន្ទីរ អង្គភាពត្រូវបញ្ជូនមន្ត្រីជួរក្រោយដែលមានសមត្ថភាព មានសក្តានុពលមកបំរើសេវានៅអង្គភាពច្រកចេញ-ចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ។
ប្រធានអង្គភាពច្រកចេញ-ចូលតែមួយខេត្ត និងប្រធានការិយាល័យច្រកចេញ-ចូលក្រុង ស្រុក ត្រូវបំពេញឯកសារធ្វើសៀវភៅការងារជូនកម្មកររបស់យើងឱ្យបានទាន់ពេលវេលា និងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធិភាព ដោយការទទួលខុសត្រូវ និងដោយរលូនត្រឹមត្រូវតាមផ្លូវច្បាប់ ។
ឯកឧត្តម គួច ចំរើន បានបន្ថែមថា ទន្ទឹមនោះ យើងក៍ត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ទីរ អង្គភាព ស្របតាមច្បាប់ នឹងខិតខំបំពេញការងារបំរើប្រជាពលរដ្ឋ ៕