សាធារណរដ្ឋទួរគី មានបំណងចងសម្ព័ន្ធមេត្រីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពប្រសើរឡើង។
គម្រោងការនេះ បានបង្ហាញឡើង នៅក្នុងជំនួបសវនាការ រវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោកជំទាវ អៃដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូត ទួរគីប្រចាំកម្ពុជា ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ពីការកកើតរាជធានីភ្នំពេញ ដែលមានអាយុកាលជាច្រើនរយឆ្នាំមកហើយ។ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ក្នុងរបបប៉ុលពត ភ្នំពេញបានធ្នាក់ដល់ចំណុចសូន្យ ក្រោយឆ្នាំ១៩៧៩ ភ្នំពេញមានតែប្រជាពលរដ្ឋប្រមាណ៧០នាក់ប៉ុណ្ណោះ។ តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ទីក្រុងមួយនេះក្លាយជាទីក្រុងមានការអភិវឌ្ឍលើគ្រប់វិស័យ មានកិច្ចសហប្រតិបត្តិការ ជាមួយទីក្រុងផ្សេងៗ ដូចជា ថៃ ឡាវ ជប៉ុន ចិន បារាំង ជាដើម។
ឯកឧត្តម អភិបាលបញ្ជាក់ថា នៅរាជធានីភ្នំពេញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ ធ្វើអោយអ្នកវិនិយោគ មានភាពកក់ក្តៅ ទេសចរណ៍មានការកើនឡើង រួមនឹងបង្កភាពកក់ក្តៅដល់អង់ទូតនានា ក្នុងការបំពេញការងាររបស់ខ្លូននៅកម្ពុជា។
ឯកឧត្តមបន្តថា នៅតែប៉ុន្មានថ្ងៃទៀត កម្ពុជានឹងមានការបោះឆ្នោត រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខ ជូនគ្រប់គណបក្សរួចហើយ។ ចំពោះបំណងចង់អោយមានការចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបានបង្ហាញការស្វាគមន៍ចំពោះចេតនា ដ៏ នេះ ហើយក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានលើកឡើងពីប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសកម្ពុជាមិនត្រូវការសង្រ្គាមនោះទេ ហើយការរំលាយបក្សមួយនោះ ក៏ដោយសារអ្នកដឹកនាំបក្សនោះធ្វើខុសច្បាប់ កម្ពុជាអនុវត្តច្បាប់ មិនថា បក្សណា ស្ថាប័នណានោះទេ បើធ្វើខុសច្បាប់ត្រូវតែមានទោសចំពោះមុខច្បាប់។
ជាមួយគ្នានោះ លោកជំទាវ អៃដា អ៊ុនលូ មានសប្រសាសន៍ថា ទីក្រុងភ្នំពេញពិតជាមានការរីកចំរើនលឿនមែនទែន ហើយទីក្រុងភ្នំពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ក៏ធ្លាប់បានជាប់ណាត់ថ្នាក់ជាទីក្រុងស្អាតក្នុងតំបន់អាស៊ីផងដែរ។ គម្រោងចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងនៃប្រទេសទាំងពីរនេះ គឺដើម្បីជម្រុញឲ្យកាន់តែខ្លាំងក្លាថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទួរគី បានសម្រេចបើកស្ថានទូត របស់ខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៣ ដើម្បីបង្ហាញពីទំនាក់ទំនង ដ៏ល្អមួយ រវាងប្រទេសទួរគី និងកម្ពុជា ហើយក៏ជាការបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនឹងនាំមកនូវផលប្រយោជន៍ទាំងសងសម្រាប់ប្រជាជននិងប្រទេសតាំងពីរខាងផងដែរ៕