ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី អតីតៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រួមជាមួយភ្នាក់ងារទូរទស្សន៏ផ្លូវការរបស់ជប៉ុន NHK បានចូលជួបសវនាការ ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកក្កដានេះ ដើម្បីសុំកិច្ចសហប្រតិបត្តិការ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំខួបលើកទី៦៥ នៃចំណងមិត្តភាព និងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនៅដើមខែធ្នូ ឆ្នាំ២០១៨នេះ។
ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានជំរាបជូនពីគោលបំណង នៃការប្រារព្វខួបលើកទី៦៥ឆ្នាំ នៃចំណងមិត្តភាពកម្ពុជា-ជប៉ុននេះ ផ្តោតលើការពង្រឹង ផ្នែកវប្បធម៌រវាង កម្ពុជា-ជប៉ុន និងបញ្ជ្រាបការយល់ដឹងបន្ថថែមទៀត សំរាប់យុវវ័យកម្ពុជា-ជប៉ុន លើផ្នែកវប្បធម៌ ក្រោយការរៀបចំពីភ្នាក់ងារព័ត៌មាន NHKដែលជាទីភ្នាក់ងារផ្លូវការរបស់រដ្ឋ និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីព្រឹត្តិការនេះ ទៅកាន់ពិភពលោក តាមរយៈភាពយន្តតុក្កតា,ការបង្ហាញម៉ូត និងការប្រគុំតន្ត្រីលើខ្លឹមសារ គួឧិ្យស្រឡាញ់ ដែលភាសារជប៉ុនហៅថា ខាវ៉ៃ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានសម្តែងនូវការស្វាគមន៏ និងគាំទ្រពេញទំហឹង លើការរៀបចំព្រឹត្តិការដ៏មានអត្ថន័យនេះ និងត្រៀមខ្លួនផ្តល់កិច្ចសហការ ជាមួយភាគីជប៉ុន ដើម្បីរៀបចំព្រឹត្តិការអោយទទួលបានជោគជ័យ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាល ក៏បានផ្តល់យោបល់ ឲ្យភាគីជប៉ុន ធ្វើលិខិតផ្លូវការទៅក្រសួងការបរទេសនិងក្រសួងមហាផ្ទៃ ក្នុងគោលបំណងសហការរៀបចំការងារនេះឲ្យមានប្រសិទ្ធភាព៕ដោយ វុន សុខជា