ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី នៃរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីនៃមន្ទីរ និងអង្គពាក់ព័ន្ធជាច្រើន នៅក្នុង បានអញ្ជើញពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុងគម្រោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយចុះពិនិត្យមើលផ្លូវក្រាត់ក្រុង ចេញពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ រហូតដល់រង្វង់មូលព្រះថោងនាងនាគ និងបានបន្តដំណើរពិនិត្យផ្លូវជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ ។
យោងតាមការប្រាប់ឲ្យដឹងរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនា ពេលនេះ គោលដៅសំខាន់ គឺសាងសង់ផ្លូវ ជាពិសេសការពង្រីកទំហំផ្លូវផងដែរដើម្បីឲ្យប្រាកដថា ផ្លូវសាងសង់ ត្រូវតែមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានគុណភាពល្អ។
លោកបានបន្តទៀតថា ផ្លូវនៅក្នុងក្រុងព្រះសីហនុបច្ចុប្បន្ន ផ្លូវមានសភាពតូចចង្អៀត និងរងការខូចខាតស្ទើរទាំងស្រុង បង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ប៉ុន្តែសម្រាប់ផ្លូវថ្មីដែលកំពុងចាប់ផ្ដើមជាមួយនឹងការពង្រីកផ្លូវសងខាងបន្ថែមទៀតនោះ នៅពេលសាងសង់ហើយ រួចរាល់ យើងនឹងបានផ្លូវធំទូលាយអមដោយសោភណភាពសួនច្បារដ៏ល្អប្រណិត នៅចំកណ្តាលទ្រូងផ្លូវផងនោះ ការធ្វើដំណើរមិនមានភាពកកស្ទះទៀតនោះទេ ពោលគឺផ្លូវសាងសង់ថ្មីនេះ នឹងអាចរួចរាល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ការចាប់ផ្តើមសាងសង់ផ្លូវ និងពង្រីកផ្លូវ ចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ រហូត មកដល់ពេលនេះ មានរយៈ ជិត៣ខែហើយ ដោយក្នុងនោះមានក្រុមហ៊ុន ចំនួន៨ ជាអ្នកទទួលម៉ៅការសាងសង់។ ក្នុងពេលចាប់ផ្ដើមសាងសង់ផ្លូវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងដងផ្លូវ ដែលត្រូវសាងសង់ និងពង្រីក សូមចូលរួម សហការជាមួយមន្ត្រីជំនាញ សាងសង់ផ្លូវផង ពីព្រោះថា ការសាងសង់ផ្លូវនាពេលនេះ អាចនឹងមានផលប៉ះពាល់ ខ្លះៗ ហើយសម្រាប់ប្រជាពលរដ្ឋដែលបាន សាងសង់សំណង់ផ្សេងៗ ក៏ដូចជាផ្ទះសម្បែងរបស់ខ្លួនលយចូលលើដីផ្លូវ ឬដីចំណីផ្លូវ គឺត្រូវតែធ្វើការរុះរើចេញទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមមន្ត្រីជំនាញក្នុងការសាងសង់ផ្លូវ។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការបញ្ជាក់ផងដែរថា ការសាងសង់ផ្លូវទាំង៣៤ខ្សែខាងលើនេះ ដើមឡើយក្រុមហ៊ុនសាងសង់ផ្លូវសន្យាថា នឹងហើយ រួចរាល់ ក្នុងរយៈពេល៨ខែ ប៉ុន្តែសម្រាប់ ពេលនេះ រយៈពេល៨ខែ មិនអាចហើយនោះទេ គឺ អាចមន្ថែមរយៈពេលប្រមាណ៦ខែទៀត ទើបរួចរាល់៕