ភ្នំពេញ:សាហាវណាស់! ផ្អើលខណ្ឌពោធិ៍សែនជ័យកាលពីយប់មិញ បើករថយន្តជិះគ្នា ៣នាក់ ដេញបុកម៉ូតូ រួចដកកាំភ្លើងគំរាមបាញ់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១កន្លះយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-0342 ធ្វើដំណើរពីត្បូងទៅជើង រីឯម៉ូតូរងគ្រោះ ម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-4459 ធ្វើដំណើរបញ្ច្រាសទិសគ្នា។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូខាងលើ ចេញមកពីដំណើរកម្សាន្តការប្រគុំតន្រ្តី បំណងត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខាងលើ ជិះគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បានបើកដេញបុកម៉ូតូគាត់ ធ្វើឲ្យភ័យស្លន់ស្លោ ក៏ជិះម៉ូតូរត់គេចពីផ្លូវផ្សារទូលពង្រ មកតាមផ្លូវលំខាងក្រោយផ្សារ។
ប្រភពដដែលបន្តថា ពេលនោះ គាត់បានឈប់ម៉ូតូ រួចចុះទៅសួរនាំ ដោយយកដៃវាយកញ្ចក់រថយន្ត តែមិនបែកទេ ស្រាប់តែភាគីរថយន្តបង្ក បានបើកទ្វារចុះមកទាញកាំភ្លើងមកអាមេគំរាមបាញ់គាត់តែម្ដង។
ដោយមានការភ័យពេក គាត់បានរត់គេចខ្លួន ទុកចោលម៉ូតូកន្លែងកើតហេតុតែម្ដង។ បន្ទាប់មកក៏តេរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។
មួយសន្ទុះមកក៏មានសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ហើយឃាត់ខ្លួនម្ចាស់រថយន្ត រួមទាំងបក្ខពួក យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី១។
ក្រោយសម្របសម្រួលរួច ចុងក្រោយភាគីរថយន្តបង្ក ដឹងកំហុស បូករួមពួកគាត់ស្រាផងនោះ ក៏សុំទោសភាគីម៉ូតូ ដោយបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ជាមួយការធ្វើកិច្ចសន្យា ហើយក៏ត្រលប់ទៅផ្ទះរៀងៗខ្លួន៕
ប្រភព៖ Heng Ly
កែសម្រួលដោយ៖NCN Daily