សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់

0
378

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់។

តាមរបាយការណ៍របស់ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអោយដឹងថាបគរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី៣៨៨នាក់។

សម្តេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍ពីសារៈសំខាន់នៃវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ក្នុងចំណោមវិស័យចំនួន៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជារដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីគោលដៅសំខាន់ចំនួន២ក្នុងការកសាងប្រទេសជាតិ ក្រោយងើបពីសង្គ្រាម ដែលគោលដៅទី១)គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់អោយទៅជាតំបន់មានសុខសន្តិភាព និងការអភិវឌ្ឍ និងទី២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងអោយទៅជាតំបន់សន្តិភាព តំបន់ទីផ្សារ និងទៅជាតំបន់ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាតិខាង។ ជាមួយគ្នានេះ សម្តេចតេជោបន្តទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោបានចុះទៅតាមតំបន់ព្រំដែនកម្ពុជាមួយចំនួន ហើយក៏បានកសាងសាលារៀនជាច្រើនខ្នងទុកអោយកូនក្មួយបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ ក្នុងនោះអាគារស្នាក់នៅរបស់គ្រូ និងសិស្សក៏ត្រូវបានផ្តល់ជូនស្របជាមួយសាលារៀនផងដែរ។

សម្តេចតេជោបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្លាក្នុងការជំរុញ និងលើកស្ទួយវិស័យអប់រំជាតិអោយកាន់តែរីកចម្រើនទៅមុខ ទោះបីជាបុគ្គលមួយក្រុមតូចមើលស្រាល និងជាន់ឈ្លីប្រមាថដល់ការអប់រំនិងសញ្ញាបត្រក្នុងប្រទេសយ៉ាងណាក្តី។ ការបណ្តុះបណ្ដាលធនធានគ្រូបង្រៀន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្ស អោយទទួលបានចំណេះជំនាញសមស្របនានា ដើម្បីអនាគតយុវជន ។ ទន្ទឹមនឹងនោះ សម្តេចតេជោបន្តថា ការចាប់ផ្តើមពង្រឹងវិស័យអប់រំជាតិកម្ពុជាបានចាប់ផ្តើមកកើតឡើងវិញតាំងពីឆ្នាំ ១៩៧៩ គឺផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ដើម្បីអោយវិស័យនេះកាន់តែដើរទៅមុខ ហើយរហូតដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើអោយយុវជនមានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។

នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បាននាំយកនូវសៀវភៅអប់រំទូន្មានរបស់ភិរម្យអ៊ូ(ក្រមង៉ុយ) និងបណ្ឌិត អ៊ូ ចុង ជូនដល់គរុសិស្ស និស្សិតម្នាក់ចំនួន២ក្បាល និងថវិកាម្នាក់១០ម៉ឺន រួមទាំងផ្តល់នូវដំណើរកម្សាន្តទៅតំបន់ទេសចរណ៍ខេត្តសៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here