ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដំណើរដោយ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ឯកឧត្តម ភាវ សុវុទ្ធី ឯកឧត្តម កែន សេរីរដ្ឋា ឯកឧត្តម ប្រាក់ ថាវអមិដា ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក ពុធ សូរិទ្ធី លោក ខ្វៃ អាទិត្យា លោកស្រី មាស ច័ន្ទធីតា លោក ទូច វីណា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឺង និងព័ត៌មានបរិស្ថាន លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល មកពីក្រសួង ស្ថាប័ន មន្ទីរនានា ជុំវិញខេត្តត្បូងឃ្មុំ ចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញចូលរួមវេទិកាសាធារណៈ រវាងប្រជាពលរដ្ឋ និងក្រុមការងាររាជរដ្ឋាភិបាលចុមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តបុសល្ហុង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឃុំអំពិលតាពក និងឃុំមៀន ជាច្រើននាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឱ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីចុះក្តាប់នូវសេចក្តីត្រូវការរបស់ប្រជាពលដ្ឋ ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កម្ពុជាយើងកំពុងមានសុខសន្តិភាព ស្ថេរភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ ជាមួយគ្នានេះក្រុមការងារ មានតួនាទីសហការជាមួយរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព។
នៅក្នុងវេទិកាសាធារណៈនេះ ប្រជាពលរដ្ឋទាំង២ឃុំបានលើកឡើងជាសំណូមពរ និងទុកកង្វល់របស់ពួកគាត់មួយចំនួន ពាក់ព័ន្ឋទៅនឹងការស្នើសុំដោះស្រាយបញ្ហាកសិកម្ម ក្នុងការធ្វើយ៉ាងណាជួយរកពូជស្រូវ ដើម្បីងាយស្រួលរកទីផ្សារលក់ចេញ ។ ស្នើសុំដោះស្រាយបញ្ហាបណ្តាញអគ្គីសនី ពាក់ព័ន្ឋទៅនឹងការតភ្ជាប់បណ្តាញប្រើប្រាស់ចូលទៅក្នុងមូលដ្ឋាន និងការដាក់បង្គោល ។ ស្នើសុំដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងមូលដ្ឋាន ជួយស្ថាបនាផ្លូវដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា ។
ពាក់ព័ន្ឋទៅនឹងបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើការឆ្លើយតប ជូនប្រជាពលរដ្ឋលើបញ្ហាកសិកម្ម ពិនិត្យលើពូជស្រូវតម្រូវទីផ្សារ ការពិនិត្យលើការគ្រប់គ្រងអគ្គិសនី សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមជាមួយបញ្ហាការស្តាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន ដោយបានដោះស្រាយបញ្ហាមួយចំនួន និងនាំយកការសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនទៀត ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទាំង២ឃុំផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានជាប្រចាំ តាមដានត្រួតពិនិត្យ និងដោះស្រាយនូវរាល់កង្វល់ប្រជាពលលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕