តើអ្នកដឹងទេថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងការបញ្ជីដីធ្លីនេះមានប៉ុន្មានដំណាក់កាល?

0
2235

ក្រោយ​ពី​របប​ខ្មែរក្រហម​ត្រូវបានដួលរលំ​ទៅ រាល់​ប័ណ្ណ​កម្មសិទ្ធិ​​លើ​ដីធ្លី នៅទូទាំងប្រទេស​ត្រូវ​បាត់បង់​ទាំងអស់។ ដូចនេះហើយទើបច្បាប់​បាន​កំណត់ឱ្យមានការ​​លុបចោល​រាល់​របប​កម្មសិទ្ធិ​ទាំងអស់ ដែល​មាន​មុន​ឆ្នាំ​១៩៧៩។

ដើម្បី​រៀបចំ​កសាង​បញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ នៅទូទាំងប្រទេស ឡើងវិញ ច្បាប់​បាន​កំណត់​បង្កើត​នីតិវិធី​ពិសេស​មួយ គឺ​ “ការចុះ​បញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ” គឺ​ជា​ការចុះបញ្ជីដីធ្លី ដែល​កើត​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ដោយ​មិនចាំបាច់​មាន​ការ​ស្នើ​សុំ​ពី​ម្ចាស់ដីឡើយ ដែលរដ្ឋាភិបាល​ជា​អ្នក​កំណត់​ជ្រើសរើស​ភូមិ ឬ​ឃុំ​ណាមួយ ដែល​ត្រូវ​ធ្វើ​ការចុះបញ្ជីដីធ្លី។

នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ធនេះ ត្រូវ​ចែកចេញ​ជា​ ៥ដំណាក់​កាល​សំខាន់ៗ៖

ដំណាក់កាលទី១៖ អំពីការរៀប

អភិបាលខេត្ត ក្រុងជាអ្នកប្រកាសតំបន់ ដែលក្រុមមន្ត្រីចុះបញ្ជីដីធ្លី ត្រូវធ្វើការកំណត់វាស់វែងព្រំដី និងវិនិច្ឆ័យ។ ក្រោយពីការកំណត់រួចមក អភិបាលខេត្តត្រូវធ្វើការប្រជុំវិនិច្ឆ័យដោយផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន យ៉ាងតិច ១៥ថ្ងៃ និងសាធារណជនយ៉ាងតិច ៧ថ្ងៃ មុនការប្រជុំ។ ហើយកិច្ចប្រជុំផ្សព្វផ្សាយត្រូវធ្វើឡើងក្នុងតំបន់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ (មាត្រា៦ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី)។

ដំណាក់កាលទី២៖ អំពីប្រតិបត្តិការបច្ចេកទេស

១. ការងារវាល : ក្រុមមន្ត្រីចុះបញ្ជីដីធ្លីធ្វើការកំណត់ព្រំដី វាស់វែងក្បាលដី និងធ្វើការវិនិច្ឆ័យទៅលើឯកសារ និងភស្តុតាងផ្សេងៗជាលក្ខណៈរូប ជាលាយលក្ខណ៍អក្សរ ឬចម្លើយផ្ទាល់មាត់ទាក់ទងនឹងព្រំដី។ ២.ការងារនៅការិយាល័យ : ប្រសិនបើមិនមានទំនាស់ក្នុងការកំណត់ព្រំដីនោះទេ ទិន្នន័យដែលប្រមូលបានត្រូវបញ្ចូលក្នុងកុំព្យូទ័រ ដើម្បីកសាងប្លង់សុរិយោដី បញ្ជីឈ្មោះម្ចាស់ដី និងសៀវភៅគោលបញ្ជីដីធ្លី។ (មាត្រា ៧,៨,៩ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី)។

ដំណាក់កាលទី៣៖ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ

អាជ្ញាធរខេត្ត ក្រុងត្រូវប្រកាសផ្សាយជាសាធារណៈអំពីឯកសារនៃការវិនិច្ឆ័យទាំងអស់រយៈពេល ៣០ថ្ងៃ ដើម្បីឱ្យបុគ្គលពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ ឬតវ៉ា។ ប្រសិនបើគ្មានទំនាស់ទេ គណៈកម្មការរដ្ឋបាលត្រូវផ្តល់ការយល់ព្រមលើឯកសារនៃការវិនិច្ឆ័យទាំងនោះ។ បន្ទាប់មកទៀត គណៈកម្មការរដ្ឋបាលត្រូវបញ្ជូនឯកសារនៃការវិនិច្ឆ័យទៅរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត ក្រុង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ទេកទេស និងចុះហត្ថលេខាទទួលស្គាល់។ ប្រសិនបើមានការជំទាស់ ឬតវ៉ា សាមីជនអាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដី ដើម្បីដោះស្រាយតាមនីតិវិធីដែលបានកំណត់។ (មាត្រា ៣,១១,១៣ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៀគោលបញ្ជីដីធ្លី)។

ដំណាក់កាលទី៤៖ អំពីសម្រេចលើឯកសារ

ក្រោយពីផុតរយៈពេលបិទផ្សាយជាសាធារណៈ អភិបាលខេត្ត ក្រុង និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ចុះហត្ថលេខាសម្រេចលើឯកសារនៃការវិនិច្ឆ័យ ហើយឯកសារនោះនឹងចាត់ទុកជាឯកសារផ្លូវការតាមច្បាប់។ (មាត្រា ១៤ នៃអនុក្រឹត្យស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោល បញ្ជីដីធ្លី)។

ដំណាល់កាលទី៥៖ អំពីការចេញប័ណ្ណ

នៅពេលដែលនីតិវិធីនៃការវិនិច្ឆ័យត្រូវបានបញ្ចប់ជាស្ថាពរ ឯកសារនៃការវិនិច្ឆ័យ និងឯកសាររណបពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋបាលសុរិយោដី ដើម្បីចេញប័ណ្ណ។

ប្រភព៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here