ឯកឧត្តម ស៊ុន ចាន់ថុល ៖បានបង្ហើបពីគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤

0
1685

ភ្នំពេញៈ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហើបប្រាប់ពីគម្រោង នៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងសិក្សាដោយក្រុមហ៊ុនចិន។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន”កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ បច្ចុប្បន្ននេះក្រុមហ៊ុនជំនាញកំពុងតែបន្តការសិក្សាលម្អិតទៅលើទីតាំង និងផលប៉ះពាល់នៃគម្រោង ដើម្បីចាប់ផ្តើមដំណើរការសាងសង់ទៅតាមផែនការ។

ឯកឧត្តមបានបញ្ជាក់ទៀតថា “ពេលនេះយើងកំពុងតែសិក្សា ជាមួយនឹងការកំណត់ទីតាំងសម្រាប់សាងសង់ផងដែរដែរ ប៉ុន្តែយើងមិនទាន់ធ្វើការផ្សព្វផ្សាយជាសាធារណៈឱ្យទូលំទូលាយនោះទេ ជៀសវាងកុំឱ្យឈ្មួញដើរទិញដីទុក ឆ្លៀតឱកាសយកចំណេញ ដែលអាចប៉ះពាល់ដល់គម្រោងផែនការ និងខ្ទង់ចំណាយលើការសាងសង់”។

គម្រោងផ្លូវប្រវ៉ាត់ក្រុងទី៤  ត្រូវបានធ្វើការសិក្សាដោយក្រុមហ៊ុនជំនាញសាងសង់ Shanghai Construction Group របស់ចិន ដែលកំពុងបន្តសកម្មភាពសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលសព្វថ្ងៃនេះ។

ការសិក្សាលម្អិតស្ដីពីផលប៉ះពាល់ និងកំណត់ពេលវេលាមុននឹងសម្រេចជាផ្លូវការនៅមិនទាន់កំណត់ប្រកាសជាផ្លូវការនៅពេលណានោះ។ ការពិនិត្យ និងសិក្សាត្រូវប្រើពេលវេលាយូរ ត្រូវធ្វើទៅតាមនីតិវិធី ហើយនៅពេលក្រសួងសិក្សាចប់ក្រសួងនឹងប្រកាសជាផ្លូវការ។

បច្ចុប្បន្ននេះក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងពន្លឿ​នការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលរហូតមកទល់ពេលនេះ ការស្ថាបនាសម្រេចបានប្រមាណ៣៨ភាគរយ។ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាផ្លូវដ៏សំខាន់មួយដែលត្រូវសាងសង់ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣​ លេខ៣ ផ្លូវជាតិលេខ២១ និងផ្លូវមួយចំនួនទៀត៕ ប្រភព propertyarea

 

LEAVE A REPLY

Please enter your comment!
Please enter your name here