ឯកឧត្តម សៅ សុភាព ជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

0
538

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន​ នារសៀល ថ្ងៃច័ន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០​ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Anthony McDonald នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ លោក Anthony McDonald បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានទទួលស្វាគមន៍ លោក ក្នុងអំឡុងពេលដែលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកកម្ពជា ហើយទទួលជួបពិភាក្សាការងារក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូររវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំដែងនូវការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)លើវិស័យបរិស្ថាននាពេលកន្លងមក និងបានចែករំលែកបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ដោយផ្តោតសំខាន់លើការគ្រប់គ្រងសំណល់រឹង សំណល់រាវ ការគ្រប់គ្រង ត្រួតពិនិត្យនិងតាមដានគុណភាពខ្យល់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិដោយជំរុញបន្ថែមទៅលើការងាររៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំនិងចុះបញ្ជីដីរដ្ឋ។ ឯកឧត្តមសៅ សុភាព បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានលើការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍ បង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ ពង្រីកសក្តានុពលអេកូទេសចរណ៍ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការងារអប់រំ ផ្សព្វផ្សាយ និងគ្រប់គ្រងទិន្នន័យព័ត៌មានបរិស្ថានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here