(មណ្ឌលគិរី) ការការពារ និងអភិរក្សធនធានធម្មជាតិ មានសារះសំខាន់សំរាប់ប្រទេសជាតិនៅខេត្តមណ្ឌលគិរី ក្រសួងបរិស្ថាន បានរៀបចំវេទិកាស្ដីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមប្រធានបទ «សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ» នាថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សូ ខនប្ញទ្ធីគុណ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានាំ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិមកពីទូទាំងប្រទេស អង្គការក្រៅរដ្ឋាភិបាល ចូលរួមជាច្រើននាក់។
ឯកឧត្តម ញ៉ន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថាការចងបណ្តាញនេះជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំងពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋានក្នុងការចងក្រងជាបណ្តាញចូលរួមការពារធនធានធម្មជាតិ និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។
ក្នុងឱ្យកាសនេះ ឯកឧត្តម សូ ខនប្ញទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថានៅតាមតំបន់ការពារធម្មជាតិទាំងនោះ ជាទូទៅមានសហគមន៍មូលដ្ឋានដែលរស់នៅ និងអាស្រ័យផលពីធនធានធម្មជាតិដែលមាននៅក្នុងតំបន់ទាំងនោះ ហើយក៏បានចូលរួមតាមលទ្ធភាព និងសមត្ថភាពដែលខ្លួនមានក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិទាំងនោះឱ្យមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និង ជំនាន់ក្រោយៗ។ ឯកឧត្ត មបន្ថែមថា ការរៀបចំចងក្រងសហគមន៍មូលដ្ឋាននេះ ទាំងសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ និងសហគមន៍ផ្សេងៗទៀត ជាបណ្តាញ មានគោលបំណងរួមក្នុងការប្រមូលកម្លាំងរួមគ្នា ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានជ្រើសរើសខេត្តមណ្ឌលគីរី ដើម្បីរៀបចំវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» លើប្រធានបទ «ការរៀបចំសម្ព័ន្ធសហភាពសហគមន៍អភិរក្សធមធានធម្មជាតិ» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០១៨។
ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន បានបញ្ជាក់ថា វេទិកាពិភាក្សារយៈពេល២ថ្ងៃ នឹងផ្តោតលើ
១. ពិភាក្សា និងធ្វើបច្ចុប្បន្នភាព ពីការងារពាក់ព័ន្ធនឹងការការពារ និងអភិរក្សធនធានធម្មជាតិ នៅថ្នាក់មូលដ្ឋាន
២. ពិភាក្សាលើការរៀបចំ និងបង្កើតឱ្យមានយន្ដការសម្របសម្រួល និងគ្រប់គ្រងសហគមន៍មូលដ្ឋាន រចនាសម្ព័ន្ធថ្នាក់ជាតិ ថ្នាក់តំបន់ (ខាងកើតទន្លេមេគង្គ ខាងជើងបឹងទន្លេសាប និង ខាងត្បូងបឹងទន្លេសាប) និងថ្នាក់ខេត្ត (តំបន់ការពារធម្មជាតិ) នៅទូទាំងប្រទេស
៣. ពិភាក្សាលើការរៀបចំចងក្រងលក្ខខន្តិកៈ សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ (ថ្នាក់ជាតិ) បណ្ដាញ សហគមន៍អភិរក្សធនធានធម្មជាតិនៅខាងកើតទន្លេមេគង្គ បណ្ដាញសហគមន៍ អភិរក្សធនធានធម្មជាតិខាងជើងបឹងទន្លេសាប និងបណ្ដាញសហគមន៍អភិរក្សធនធានធម្មជាតិខាងត្បូង បឹងទន្លេសាប (ថ្នាក់តំបន់) និង សម្ព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិតាមបណ្ដាលខេត្តដែលមាន តំបន់ការពារធម្មជាតិ។