ល្អណាស់!!! ចិនបញ្ជាក់ជាផ្លូវការហើយថា វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបញ្ចេញនៅអំឡុងខែមេសាខាងមុខនេះ!

0
497

ប៉េកាំង៖ គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានធ្វើការបញ្ជាក់ថា វ៉ាក់សាំងមួយចំនួនសម្រាប់ប្រឆាំងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង ឬក៏ត្រូវដាក់ឲ្យប្រើប្រាស់ជាបន្ទាន់ នៅអំឡុងខែមេសាខាងមុខនេះ ខណៈស្ថានភាពឆ្លង និងស្លាប់នៅក្នុងប្រទេសចិនកំពុងធូរស្រាល ប៉ុន្តែប្រទេសមួយចំនួនលើពិភពលោក បែរជាផ្ទុះការឆ្លងជំងឺនេះខ្លាំងទៅវិញ។ នេះបើតាមការចេញផ្សាយដោយ China Daily ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

ការប្រកាសរបស់ NHC ខាងលើនេះត្រូវបានធ្វើឡើងតែ ០២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ូ ណានពីង (Xu Nanping) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនធ្លាប់បានប្រកាសកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះថា វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺ COVID-19 នឹងត្រូវបានដាក់ជូនដល់ក្រសួងពាក់ព័ន្ធនានា នៅក្នុងប្រទេសចិន ដើម្បីពិនិត្យ និងទទួលបានការអនុញ្ញាតក្នុងការសាកល្បងព្យាបាលលើមនុស្សនៅចុងខែមេសា ឆ្នាំ២០២០។

ជុំវិញការត្រៀមបញ្ចេញវ៉ាក់សាំងជាផ្លូវការខាងលើនេះលោក ចេង ចុងវៃ (Zheng Zhongwei) មន្ត្រីមួយរូបនៃ NHC បានលើកឡើងថា បច្ចុប្បន្ននេះស្ថាប័នចំនួន ០៨ នៅក្នុងប្រទេសចិន កំពុងតែធ្វើការងារយ៉ាងសកម្មដើម្បីផលិតវ៉ាក់សាំង ដោយសហការជាមួយបណ្តាញក្រុមជំនាញផ្នែកវេជ្ជសាស្ត្រចំនួន ០៥ទៀត។ លោក ចេង បានបន្ថែមទៀតថា វ៉ាក់សាំងមួយចំនួនបានឆ្លងកាត់ការធ្វើតេស្តទៅលើសត្វ រួចរាល់នៅក្នុងប្រទេសចិនផ្ទាល់ ហើយចិនក៏មានជំនួយគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងបង្កើតវ៉ាក់សាំងប្រឆាំងវីរុស COVID-19 នេះដែរ។

លោក ចេង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «គោលដៅរបស់យើង គឺការធ្វើឲ្យប្រាកដច្បាស់ថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) អាចនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងពេលឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដោយផ្អែកលើការធានាសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ ការស្រាវជ្រាវទាំងអស់លើវ៉ាក់សាំង ត្រូវបានអនុវត្តដោយស្របតាមច្បាប់ និងបទដ្ឋានពាក់ព័ន្ធនានា ហើយស្ថាប័នស្រាវជ្រាវ និងអ្នកជំនាញចិន បានរក្សាការប្រាស្រ័យទាក់ទងជាមួយអង្គការសុខភាពពិភពលោក (WHO) ជាប់ជានិច្ច»៕

LEAVE A REPLY

Please enter your comment!
Please enter your name here