អបអរផង ទីបំផុតមន្ទីរពេទ្យបណ្តោះអាសន្នទាំងអស់ដែលបើកសម្រាប់ព្យាបាលជំងឺនៅទីក្រុងវូហាន ត្រូវបិទទ្វារវិញហើយ ព្រោះតែការឆ្លងវីរុស COVID-19 ធូរស្រាលខ្លាំង

0
407

ប៉េកាំង៖ នាថ្ងៃអង្គារនេះមន្ទីរពេទ្យបណ្តោះអាសន្នទាំងអស់នៅទីក្រុងវូហាន (Wuhan) ដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលនូវ COVID-19 ក្នុងប្រទេសចិនត្រូវបានបិទទ្វារទៅវិញហើយ ស្របពេលដែលស្ថានការណ៍កាន់តែប្រសើរខ្លាំងឡើង។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន RT នៅល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

យោងតាមបណ្តាញសារព័ត៌មានចិនដូចជា CCTV និង Xinhua មន្ទីរពេទ្យបណ្តោះអាសន្នចុងក្រោយគេនៅសង្កាត់ ជាំងហាន (Jianghan) នៃក្រុងវូហាន ត្រូវបានបិទទ្វារកាលពីរសៀលអង្គារនេះ បន្ទាប់ពីអ្នកជំងឺដែលទទួលការព្យាបាលនៅទីនោះ បានចាកចេញអស់ក្រោយជាសះស្បើយពីជំងឺ COVID-19 ។ មន្ទីរពេទ្យបណ្តោះអាសន្ន Jianghan ត្រូវបានប្រែក្លាយមកពីមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទអន្តរជាតិវូហាន។

កាលពីពេល COVID-19 បានចាប់ផ្តើមរីករាលខ្លាំង ចិនបានងាកទៅកែប្រែមជ្ឈមណ្ឌលស្រដៀងៗគ្នានេះ រួមទាំងកីឡដ្ឋាន និងសាលារៀនជាច្រើនសរុបប្រមាណ ១៤កន្លែងនៅក្នុងទីក្រុងវូហាន ឲ្យទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីទទួលព្យាបាលអ្នកជំងឺ។ ក្រៅពីនេះក៏មានការសាងសង់មន្ទីរពេទ្យបន្ថែមផងដែរ ដែលប្រើប្រាស់ពេលមិនដល់ ២សប្តាហ៍នោះឡើយ។

គួរជម្រាបថា នៅថ្ងៃអង្គារដដែលនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរចុះទៅដល់ទីក្រុងវូហានផ្ទាល់ ជាលើកដំបូងចាប់ តាំងតែពីការរាតត្បាតវាយលុកដោយវីរុស COVID-19 បានចាប់ផ្តើមឡើងកាលពីជាង ២ខែមុន។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ត្រូវគេមើលឃើញថា គឺជាការផ្តល់សញ្ញាឲ្យពិភពលោកបានឃើញថា ទីបំផុតបញ្ហាបង្កឡើងដោយ COVID-19 នៅក្នុងប្រទេសចិនត្រូវស្ថិតក្នុងការគ្រប់គ្រងបានហើយ។

ទីក្រុងវូហាន និងខេត្ត Hubei ដែលជាកន្លែងរងការវាយលុកខ្លាំងជាងគេបំផុតនោះ នាប៉ុន្មានថ្ងៃចុងក្រោយនេះ គឺអត្រាឆ្លង និងស្លាប់បានថយចុះជាខ្លាំង។ បើតាមរបាយការណ៍ចុងក្រោយបំផុតចេញផ្សាយនៅថ្ងៃអង្គារនេះ ចិនមានករណីឆ្លងថ្មី ១៩នាក់ និងស្លាប់ ១៧នាក់ ក្នុងនោះអ្នកឆ្លង ១៧នាក់ និងអ្នកស្លាប់ ១៦នាក់ គឺស្ថិតក្នុងទីក្រុងវូហាន។ សម្រាប់តួលេខសរុបវិញ គឺអ្នកឆ្លងមានចំនួន ៨០,៧៥៤នាក់ក្នុងនោះ ៥៩,៨៩៧នាក់បានចេញមន្ទីរពេទ្យ និង ៣,១៣៦នាក់បានបាត់បង់ជីវិត៕

ប្រភព Fresh News

LEAVE A REPLY

Please enter your comment!
Please enter your name here